(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្ដេញអគ្គរដ្ឋអាជ្ញារងលោកស្រី សាលី យ៉ាតែស (Sally Yates) ចេញពីតំណែងហើយ ដែលការសម្រេចចិត្តបែបនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកស្រីបានបង្គាប់ឱ្យក្រសួងយុត្តិធម៌ មិនឱ្យគាំទ្រដល់បទបញ្ជាដ៏ចម្រូងចម្រាស់របស់ប្រធានាធិបតីអាមេរិក ជុំវិញការហាមឃាត់ជនអន្តោប្រវេសន៍ ជាពិសេសគឺជនមូស្លីមមកពីបណ្ដាប្រទេសចំនួន០៧ មិនឱ្យឈានជើងជាន់ទឹកដីអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។
ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាន សេតវិមានបានបញ្ជាក់ដូច្នេះថា «អគ្គរដ្ឋអាជ្ញារងលោកស្រី សាលី យ៉ាតែស បានក្បត់នឹងក្រសួងយុត្តិធម៌ ដោយបានបដិសេធអនុវត្តន៍បទបញ្ជាស្របច្បាប់ ដែលមានគោលដៅការពារប្រជាជនអាមេរិក។ ដូច្នេះទើបប្រធានាធិបតីលោក ដូណាល់ ត្រាំ សម្រេចចិត្តដកលោកស្រីចេញពីតំណែង ហើយតែងតាំងរដ្ឋអាជ្ញាមកពីតំបន់ភាគខាងកើតនៃរដ្ឋ Virginia លោក ដាណា ប៊ឺនតេ (Dana Boente) ជាអគ្គរដ្ឋអាជ្ញារងបណ្តោះអាសន្ន រហូតដល់ព្រឹទ្ធសមាជិកលោក ចែហ្វ សេសសិន (Jeff Sessions) ត្រូវបានព្រឹទ្ធសភាទទួលស្គាល់»។
គួរបញ្ជាក់ថាអគ្គរដ្ឋអាជ្ញារងលោកស្រី សាលី យ៉ាតែស ដែលត្រូវបានតែងតាំងដោយលោក បារ៉ាក់ អូបាម៉ា បាននិយាយថា លោកស្រីមិនជឿនោះទេថា «បទបញ្ជាប្រធានាធិបតីលោក ដូណាល់ ត្រាំ គឺស្របច្បាប់ ពាក់ព័ន្ធនឹងការហាមឃាត់ជនម៉ូស្លីមមកពីប្រទេសចំនួន០៧ មិនឱ្យចូលសហរដ្ឋអាមេរិក ខណៈការសម្រេចចិត្តនេះកំពុងបង្កភាពចម្រូងចម្រាស់ និងបាតុកម្មតវ៉ាជាច្រើនទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅបរទេស»។
ជាងនេះទៅទៀតសូម្បីតែអ្នកការទូតអាមេរិកជាច្រើននាក់ ក៏បានរិះគន់លើបទបញ្ជានេះដែរ ដោយពួកគេយល់ថា វាមិនមែនជាវិធានការជួយពង្រឹង ក៏ដូចជាធ្វើឱ្យសហរដ្ឋអាមេរិកកាន់ តែមានសុវត្ថិភាពនោះទេ តែវាគ្រាន់តែសារខុសឆ្គងមួយផ្ញើទៅកាន់ជនម៉ូស្លីម (អ្នកកាន់សាសនាអ៊ីស្លាម) នៅទូទាំងពិភពលោកតែ ប៉ុណ្ណោះ។ ប្រជាជនមកពីប្រទេសចំនួន០៧ដែលត្រូវបានលោក ដូណាល់ ត្រាំ ហាមមិនឱ្យជាន់ដីអាមេរិក រួមមាន អ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយ៉េមែន៕