(សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ជាក់ជំហរច្បាស់លាស់រួមគ្នាថា ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD ដែលបានបង្កការរង្គាសចិត្តខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុកនោះនឹងត្រូវដាក់ពង្រាយនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៧នេះ ដើម្បីការពារការគំរាមកំហែងនានាពីសំណាក់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Han Min-koo និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ នៅថ្ងៃអង្គារនេះ ហើយភាគីទាំងក៏បានសម្រេចចិត្តថា នឹងធ្វើការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលកម្រិតខ្ពស់ THAAD នៅលើទឹកដីកូរ៉េខាងត្បូង ទៅតាមផែនការដែលបានកំណត់គឺនៅចុងឆ្នាំ២០១៧ ខាងមុខនេះតែម្តង។ ភាគីទាំងពីរក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រៀមខ្លួនជានិច្ចដើម្បីទប់ទល់នឹង ការឈ្លានពាននានាពីសំណាក់កូរ៉េខាងជើងផងដែរ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល ៣០នាទីរវាងរដ្ឋមន្ត្រីការពារជាតិទាំងពីរ កូរ៉េខាងត្បូងក៏បានលើកឡើងផងដែរ ពីការគំរាមរបស់កូរ៉េខាងជើង នៅអំឡុងថ្ងៃចូលឆ្នាំថ្មី ដោយទីក្រុងព្យុងយ៉ាងបានអះអាងថាខ្លួនមានគំរោងបាញ់សាកល្បងគ្រាប់មីស៊ីលនៅថ្ងៃចូលឆ្នាំនេះតែម្តង ក៏ប៉ុន្តែគេនៅពុំទាន់ឃើញអ្វីដែលបានប្រកាសនោះកើតឡើងនៅឡើយទេ។ ប្រទេសជិតខាងដូចជាចិន និងរុស្ស៊ីបានបង្ហាញការជំទាស់យ៉ាងដាច់ខាតទៅនឹងផែនការរបស់អាមេរិក និងកូរ៉េខាងត្បូង ដោយចោទថាវាជាប្រព័ន្ធឈ្លបយកការណ៍សម្ងាត់ពីមូលដ្ឋានយោធារបស់ប្រទេសចិន ដែលមិនមែណជាខែលការពារមីស៊ីលដូចអាមេរិកអះអាងនោះឡើយ៕