(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋអាជ្ញាកំពូលនៃរដ្ឋធានីវ៉ាស៊ីនតោន បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង នៅថ្ងៃចន្ទ ដើម្បីប្ដឹងជំទាស់ទៅនឹងអ្វីដែលពួកគេហៅថា ជាការហាមឃាត់ដោយខុសច្បាប់ និងផ្ទុយពីរដ្ឋធម្មនុញ្ញ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើការធ្វើដំណើរ របស់ប្រជាជនពីប្រទេសម៉ូស្លីមចំនួន០៧ មកកាន់សហរដ្ឋអាមេរិក ដោយថែមទាំងស្នើឱ្យលុបចោលបទបញ្ជានេះជាបន្ទាន់ទៀតផង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។
អគ្គរដ្ឋអាជ្ញា លោក បុប ហ្វឺហ្គូសុន (Bob Ferguson) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា «គ្មាននរណាម្នាក់អាចអង្គុយលើច្បាប់នោះទេ សូម្បីតែប្រធានាធិបតី ហើយសំឡេងដ៏មានឥទ្ធិពលក៏មិនមែនជាអ្នកគ្រប់គ្រងបន្ទប់សវនាការនោះដែរ តែគឺជារដ្ឋធម្មនុញ្ញ»។ ពាក្យបណ្ដឹងរបស់លោក ហ្វីហ្គូសុន គឺជាលើកដំបូងបំផុតដែលមានគោលដៅលើ លោក ដូណាល់ ត្រាំ ត្បិតលោកបានចាត់ទុកថា បទបញ្ជាប្រធានាធិបតីរបស់លោក ត្រាំ ជុំវិញការហាមឃាត់ជនអន្តោប្រវេសន៍ គួរតែត្រូវបានចាត់ទុកថាជាទង្វើផ្ទុយទៅនឹងច្បាប់ និងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។
គួររំលឹកថាកាលពីថ្ងៃសៅរ៍កន្លងទៅ ចៅក្រមសហព័ន្ធម្នាក់ក្នុងទីក្រុងញូយ៉ក បានសម្រេចចិត្តរាំងខ្ទប់ បទបញ្ជារបស់លោក ដូណាល់ ត្រាំ ស្ដីពីការហាមឃាត់ប្រជាជនមកពីប្រទេសចំនួន០៧ មិនឱ្យជាន់ដីអាមេរិក ក្នុងនោះរួមមាន អ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយ៉េមែន។ ប្រការបានបង្កឲ្យមានការតវ៉ា និងថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកការពារសិទ្ធិស៊ីវិល និងអ្នកប្រឆាំងលោក ដូណាល់ ត្រាំ ស្រាប់៕