(អង់គ្លេស)៖ ជាសកម្មភាពឆ្លើយតបទៅនឹងបំរាមទប់ស្កាត់ជនភៀសខ្លួនចូលទឹកដីអាមេរិកនោះ ប្រជាជនអង់គ្លេសសរុបជាង ១លាននាក់ហើយ បានចុះហត្ថលេខារួមគ្នាលើញត្តិមួយ ដើម្បីរារាំងដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់អាមេរិក ដែលគ្រោងធ្វើដំណើរមកកាន់ចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោក ត្រាំ ដែលគ្រោងមកកាន់ចក្រភពអង់គ្លេសនេះ ត្រូវបានប្រកាសដោយលោកស្រី ធេរ៉េសា ម៉ាយ ដែលទើបបញ្ចប់ទស្សនកិច្ចនៅអាមេរិក។ ប្រជាជនអង់គ្លេសដែលកំពុងតវ៉ាជុំវិញរឿងដំណើរទស្សនកិច្ចនេះ បានស្នើឲ្យរដ្ឋាភិបាលអង់គ្លេសលុបចោលតែម្តង ដោយពួកគេកំពុងសម្តែងការប្រឆាំងទៅនឹងបទបញ្ជារបស់លោក ត្រាំ ដែលកំពុងរារាំងជនភៀសខ្លួនជាន់ទឹកដីអាមេរិកជាបណ្តោះអាសន្នរយៈពេល ១២០ថ្ងៃ និងហាមប្រជាជនពីបណ្តាប្រទេសម៉ូស្លីមចំនួន ០៧ ជាន់ទឹកដីសហរដ្ឋអាមេរិកក្នុងរយៈពេល៩០ថ្ងៃ។
គួរបញ្ជាក់ថាអ្នកជំនាញមួយចំនួននៅអង់គ្លេស បានអំពាវនាវឲ្យលោកស្រីនាយករដ្ឋមន្ត្រី ម៉ាយ ពន្យាពេលនៃដំណើរទស្សនកិច្ចរបស់លោក ត្រាំ សិនដើម្បីបន្ធូរបន្ថយស្ថានការណ៍។ ជុំវិញបញ្ហានេះរដ្ឋាភិបាលអង់គ្លេស មិនទាន់បានបញ្ចេញប្រតិកម្ម ឬចំណាត់ការឆ្លើយតបណាមួយនោះឡើយ៕