នាយករដ្ឋមន្ត្រីនូវែលសេឡង់ «ចេញមុខជំទាស់នយោបាយរារាំងជនភៀសខ្លួន» របស់លោក ដូណាល់ ត្រាំ!
30-01-2017 16:54
(វ៉ាលីងតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក បៀល អ៊ីងគ្លីស (Bill English) នៅថ្ងៃចន្ទនេះបានចេញមុខរិះគន់ និងជំទាស់ទៅលើនយោបាយ បំបិទសិទ្ធិជនភៀសខ្លួន របស់ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបាននិងកំពុងបង្កឲ្យមានបាតុកម្មពាសពេញសហរដ្ឋអាមេរិក និងការរិះគន់ពីបណ្តាប្រទេសមួយចំនួនលើពិភពលោកស្រាប់ទៅហើយនោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧។
លោក បៀល បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនយល់ស្របចំពោះនយោបាយបែបនេះទេ។ យើងគ្រាន់តែដឹងថាអ្វីដែលគួរតែត្រឹមត្រូវ សម្រាប់នយោបាយអាមេរិកក្នុងរយៈពេលយូរអង្វែង ពីព្រោះពេលនេះវាគ្រាន់តែដំណោះស្រាយបណ្តោះអាសន្ន។ វាពិតជាបានបង្កើតឡើងនូវភាពចលាចល ប៉ុន្តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ»។
ទោះបីបែបនេះក្តីលោក បៀល មិនបានធ្វើការរិះគន់ ឬមានមតិយោបល់អ្វីផ្សេងចំពោះចំណាត់ការរបស់លោក ត្រាំ នោះឡើយ ខណៈដែលលោកត្រូវបានគេរិះគន់ថា បានទទួលបរាជ័យក្នុងការថ្កោលទោសបទបញ្ជា របស់លោក ដូណាល់ ត្រាំ។ លោក បៀល បន្ថែមពីនេះក៏បាននិយាយការពារខ្លួនលោកផងដែរ ដោយលោកបានសន្យាថា នឹងមិនឲ្យមានព្រឹត្តិការណ៍ដូចសហរដ្ឋអាមេរិក កើតមានឡើងនៅនូវែលសេឡង់នោះឡើយ៕