(ឡូស អាន់ជែឡេស)៖ បាតុករជាង ២,០០០នាក់បានប្រមូលផ្តុំគ្នានៅព្រលានយន្តហោះទីក្រុង ឡូស អាន់ជេឡេស នៃរដ្ឋកាលីហ្វរញ៉ា ភាគនិរតីសហរដ្ឋអាមេរិក ដើម្បីសម្តែងការតវ៉ាប្រឆាំងយ៉ាងក្តៅគគុកទៅនឹងបទបញ្ជារបស់លោក ដូណាល់ ត្រាំ ឲ្យមានការផ្អាកលំហូរជនភៀសខ្លួនមកកាន់អាមេរិកជាបណ្តោះអាសន្ន និងការហាមប្រជាជនមកពីបណ្តាប្រទេសម៉ូស្លីមចំនួន ០៧ មិនឲ្យចូលទឹកដីអាមេរិករយៈពេល ៩០ថ្ងៃថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧។
បាតុកម្មស្ទើរពាសពេញសហរដ្ឋអាមេរិក ជាពិសេសព្រលានយន្តហោះធំៗ ដូចជានៅកាលីហ្វរញ៉ា វ៉ាស៊ីនតោន និងញូយ៉កជាដើម បានកើតមានឡើងចាប់តាំងពីថ្ងៃសុក្រ សប្តាហ៍មុននេះមក គឺចាប់តាំងពីបទបញ្ជារបស់ លោក ដូណាល់ ត្រាំ ខាងលើនេះចេញមិនបានប៉ុន្មានម៉ោងផង។ បាតុករជាច្រើនបានសរសេរលើបដាខ្លីៗ ដើម្បីសម្តែងការប្រឆាំងនឹងបទបញ្ជាប្រធានាធិបតី ដូចជា «ទេ! យើងមិនព្រមទេ!» និងខ្លះទៀតបានសរសេរថា «មិនត្រូវមានបម្រាមទេ!» ឬក៏ «យើងសូមប្រឆាំងដាច់ខាត» ជាដើម។
គួរបញ្ជាក់ថា បាតុករបាននាំគ្នាបិទផ្លូវចេញ-ចូលព្រលានយន្តហោះទីក្រុងឡូសអាន់ជែឡេស តាំងពីរសៀលរហូតដល់យប់ថ្ងៃអាទិត្យ ប៉ុន្តែរហូតមកទល់នឹងពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថាមានបាតុករត្រូវបានប៉ូលិសចាប់ខ្លួននោះឡើយ ព្រោះពួកគេបានធ្វើការតវ៉ាដោយសន្តិវិធី។
ទោះបីជាបែបនេះក្តី រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបង្ហាញជំហរមិនរួញរារបស់ខ្លួន ក្នុងការអនុវត្តន៍នយោបាយហាមឃាត់ជនភៀសខ្លួនចូលមកក្នុងទឹកដីអាមេរិកជាបណ្តោះអាសន្ន បើទោះបីជាមានការជំទាស់ពីតុលាការសហព័ន្ធ និងការតវ៉ាដ៏កក្រើកពីក្រុមអ្នកប្រឆាំងនឹងនយោបាយរបស់លោកក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ដូណាល់ ត្រាំ ឲ្យដឹងថា ការសម្រេចរបស់យើងស្តីអំពីទិដ្ឋាការនេះ គឺធ្វើឡើងសរុបតែមួយតែម្តង ដែលវាជានយោបាយរក្សាសុវត្ថិភាពបំផុត ប៉ុន្តែវាមិនមែនជាការហាមឃាត់ ឬរើសអើងជនម៉ូស្លីមនោះឡើយ។ គួរបញ្ជាក់ថា ការសម្រេចរបស់លោក ត្រាំ ដែលបានធ្វើឡើងតាំងពីថ្ងៃសុក្រ សប្តាហ៍មុននេះបានទទួលការរិះគុន និងថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងរបស់លោក ក៏ដូចក្រុមអ្នកការពារសិទ្ធិស៊ីវិលនៅក្នុងសហរដ្ឋអាមេរិកផងដែរ។
គួររំលឹកបណ្តាប្រទេសចំនួន ០៧ ដែលទទួលបានបម្រាមរបស់លោក ដូណាល់ ត្រាំ រយៈពេល ៩០ថ្ងៃនោះមានដូចជាតិ អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និង យ៉េមែន។ ដោយឡែកជនភៀសមកពីបណ្តាប្រទេសជាច្រើនទៀត ត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីអាមេរិកក្នុងរយៈពេល ១២០ថ្ងៃ ប៉ុន្តែសម្រាប់ជនភៀសខ្លួនស៊ីរីវិញ គឺត្រូវបានហាមឃាត់ដោយគ្មានពេលកំណត់។
ចំណាត់ការក្តៅដែលបញ្ចេញដោយលោក ដូណាល់ ត្រាំ មិនបានប៉ុន្មានផងឥឡូវនេះបានបង្កើតឡើងនូវការតវ៉ាប្រឆាំងយ៉ាងកក្រើក ពីសំណាក់ជនភៀសខ្លួនមកពីបណ្តាប្រទេសនានាដែលកកកុញនៅព្រលានយន្តហោះអន្តរជាតិទូទាំងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងទៅនឹងបទបញ្ជាហាមឃាត់ជនភៀសខ្លួនចូលទឹកដីអាមេរិកជាបណ្តោះអាសន្ន និងការហាមអ្នកដំណើរមកពីប្រទេសម៉ូស្លីមចំនួន ០៧ ជាន់ទឹកដីអាមេរិករយៈពេល ៩០ថ្ងៃ៕