(អាមេរិក)៖ លោក Michael Richard Pompeo ធ្លាប់ជាអ្នកនយោបាយអាមេរិកម្នាក់។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកត្រូវបានលោក Donald Trump ជ្រើសធ្វើជាភ្នាក់ងារស៊ើបការណ៍ CIA ហើយត្រូវបានបោះឆ្នោតដោយសភាអាមេរិកក្នុងសំឡែង ៦៦សំឡេងទល់នឹង ៣២សំឡេង កាលពីថ្ងៃទី២៣ ខែមករាកន្លងទៅនេះ។
ខាងក្រោមនេះជាជីវប្រវត្តិ របស់ប្រធានភ្នាក់ងារស៊ើបការណ៍រូបនេះ៖
• ឈ្មោះ៖ ម៉ៃឃើល រីឆាដ ផុមផេអូ (Michael Richard Pompeo)
• ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៦៣ (វ័យ៥៣ឆ្នាំ)
• កន្លែងកំណើត៖ ទីក្រុង Orange រដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិក
• គណបក្ស៖ សាធារណរដ្ឋ
• ភរិយា៖ លោកស្រី Susan Pompeo
• កូន៖ ម្នាក់
• ឳពុកម្តាយ៖ លោក Dorothy Pompeo និងលោកស្រី Wayne Pompeo
• ការសិក្សា៖ សាលាយោធាអាមេរិកនៅ West Point និងសកលវិទ្យាល័យ Harvard
• អាជីពជាយោធា៖ តួនាទីអនុសេនីយឯក
• សមាជិកដំណាងរាស្ត្រសហរដ្ឋអាមេរិក៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧
• ប្រធាន CIA៖ ចូលកាន់ដំណែងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧
*អាជីពជាយោធា៖ ក្នុងពេលនៅជាយុវវ័យ លោកបានចុះឈ្មោះចូលសាលាយោធាអាមេរិកនៅ West Point។ លោកបានបញ្ចប់ការសិក្សានៅទីនោះក្នុងឆ្នាំ១៩៨៦។ លោកធ្លាប់ជាមន្ត្រីល្បាតជញ្ជាំងដែកនៅប៊ែរឡាំង ប្រទេសអាឡឺម៉ង់ផងដែរ។ ក្រោយមកលោក បានបម្រើជាកងទាហានទី២ និងជាទាហានរថក្រោះទី៧ផងដែរ។
*កិច្ចការពាណិជ្ចកម្ម៖ លោក Pompeo ជាស្ថាបនិកស្ថាប័នសន្តិសុខឯកជន និងអវកាស Thayer។ ក្រោយមកលោកបានក្លាយជាប្រធានក្រុមហ៊ុនផលិតឧបករណ៍អណ្តូងប្រេង។
*តួនាទីជាប្រធាន CIA៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកDonald Trump ដែលបច្ចុប្បន្នជាប្រធានាធិបតីបានប្រកាសថា លោកបានតែងតាំងលោក Pompeo ជាប្រធានភ្នាក់ងារស៊ើបការណ៍ CIA។ លោកបានប្រកាសដោយសភាអាមេរិកនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដោយសំឡេងបោះឆ្នោត ៦៦សំឡេងទល់នឹង ៣២សំឡេង ហើយលោកបានស្បថចូលកាន់ដំណែងនៅថ្ងៃនោះតែម្តង។
*ទស្សននិងតួនាទីនយោបាយ៖ លោក Pompeo ជាមនុស្សដែលប្រឆាំងដាច់ខាតចំពោះការរំលូតកូន។ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ លោក Pompeo បានប្រកាសឱ្យធ្វើសកម្មភាពកំណែទម្រង់ ការអនុញ្ញាតក្នុងការកសាងបំពង់បង្ហូរឧស្ម័ន។ លោកក៏ជាមនុស្សប្រឆាំងរាល់ទស្សននានាអំពីកំណើនកំដៅផែនដីផងដែរ។ លោក បានលើកឡើងថា គម្រោងបរិស្ថាន និងបម្រែបម្រួលអាកាសធាតុរបស់អតីតប្រធានាធិបតី អូបាម៉ា ថាជាការបំផ្លិចបំផ្លាញ និងផ្កាប់មុខ។ មានន័យថាលោកជាមនុស្សដែលប្រឆាំងនឹងទ្រឹស្តីបម្រែបម្រួលអាកាសធាតុដូចគ្នានឹងលោក ដូណាល់ ត្រាំ ដែរ។
លោក Pompeo ក៏ធ្លាប់បានរិះគន់ទៅលើប្រធានាធិបតី អូបាម៉ា ដោយលោកបានបញ្ជាក់ម្តងហើយម្តងទៀតថា លោក អូបាម៉ា ជាមនុស្សមិនច្បាស់លាស់ និងមិនបានបង្ហាញការគោរពចំពោះមេដឹកនាំយោធា ជាក់ស្តែងដូចជានាយកឧត្តមសេនីយ៍ Mc Chrystal ជាដើម។
*សន្តិសុខជាតិ៖ បើទោះបីជាលោកជាមនុស្សដែលចូលចិត្តប្រឆាំងទៅលើស្ថាប័ននានា ប៉ុន្តែលោកក៏បានគាំទ្រចំពោះបញ្ហាសន្តិសុខជាតិ និងចាត់ទុកថាវាជាកិច្ចការដ៏សំខាន់មួយ។ តាមការសន្និដ្ឋានដោយសារលោក Pompeo ជាមនុស្សដែលចូលចិត្តប្រឆំាង និងខ្វែងគំនិតជាមួយអ្នកដទៃដូចគ្នានឹងលោក ដូណាល់ ត្រាំ បានជាត្រូវប្រធានាធិបតីតែងតាំងលោកក្នុងតួនាទីខ្ពស់បែបនេះ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា