(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបង្ហាញជំហរមិនរួញរារបស់ខ្លួន ក្នុងការអនុវត្តន៍នយោបាយហាមឃាត់ជនភៀសខ្លួន ចូលមកក្នុងទឹកដីអាមេរិកជាបណ្តោះអាសន្ន បើទោះបីជាមានការជំទាស់ពីតុលាការសហព័ន្ធ និងការតវ៉ាដ៏កក្រើកពីក្រុមអ្នកប្រឆាំងនឹងនយោបាយ របស់លោកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ដូណាល់ ត្រាំ ឲ្យដឹងថា ការសម្រេចរបស់យើងស្តីអំពីទិដ្ឋាការនេះ គឺធ្វើឡើងសរុបតែមួយតែម្តង ដែលវាជានយោបាយរក្សាសុវត្ថិភាពបំផុត ប៉ុន្តែវាមិនមែនជាការហាមឃាត់ ឬរើសអើងជនម៉ូស្លីមនោះឡើយ។ គួរបញ្ជាក់ថា ការសម្រេចរបស់លោក ត្រាំ ដែលបានធ្វើឡើងតាំងពីថ្ងៃសុក្រ សប្តាហ៍មុននេះបានទទួលការរិះគុន និងថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងរបស់លោក ក៏ដូចក្រុមអ្នកការពារសិទ្ធិស៊ីវិល នៅក្នុងសហរដ្ឋអាមេរិកផងដែរ។
គួររំលឹកបណ្តាប្រទេសចំនួន ០៧ ដែលទទួលបានបម្រាមរបស់លោក ដូណាល់ ត្រាំ រយៈពេល ៩០ថ្ងៃនោះមានដូចជាតិ អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និង យ៉េមែន។ ដោយឡែកជនភៀសមកពីបណ្តាប្រទេសជាច្រើនទៀត ត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីអាមេរិកក្នុងរយៈពេល ១២០ថ្ងៃ ប៉ុន្តែសម្រាប់ជនភៀសខ្លួនស៊ីរីវិញ គឺត្រូវបានហាមឃាត់ដោយគ្មានពេលកំណត់។
ចំណាត់ការក្តៅដែលបញ្ចេញដោយលោក ដូណាល់ ត្រាំ មិនបានប៉ុន្មានផងឥឡូវនេះ បានបង្កើតឡើងនូវការតវ៉ាប្រឆាំងយ៉ាងកក្រើក ពីសំណាក់ជនភៀសខ្លួនមកពីបណ្តាប្រទេសនានាដែលកកកុញ នៅព្រលានយន្តហោះអន្តរជាតិ ទូទាំងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងទៅនឹងបទបញ្ជាហាមឃាត់ជនភៀសខ្លួន ចូលទឹកដីអាមេរិកជាបណ្តោះអាសន្ន និងការហាមអ្នកដំណើរមកពីប្រទេសម៉ូស្លីមចំនួន ០៧ ជាន់ទឹកដីអាមេរិករយៈពេល ៩០ថ្ងៃ៕