(គូឡាឡាំពួរ)៖ ទូកដឹកមនុស្សចំនួន ៣១នាក់ដែលសុទ្ធសឹងជាអ្នកទេសចរមកពីប្រទេសចិន ដែលបានបាត់ដំណឹងកាលពីព្រឹកថ្ងៃអាទិត្យនេះ នៅក្នុងដែនទឹកប្រទេសម៉ាឡេស៊ី ក្រោយការចាកចេញពីកំពង់ផែ Kota Kinabalu ភាគខាងកើតប្រទេសម៉ាឡេស៊ីនោះ ត្រូវបានរកឃើញហើយបន្ទាប់ពីការព្យាយាមរបស់ក្រុមរុករកម៉ាឡេស៊ី ក្នុងការស្វែងរកយ៉ាងអស់ពីលទ្ធភាព។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Daily Mail នាយប់ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៧។
មនុស្សដែលត្រូវបានរកឃើញថា នៅរស់ទាំងអស់មានចំនួន ២៥នាក់ ដែលមានជនជាតិចិន ២៣នាក់ និង០២នាក់ទៀតជាអ្នកបម្រើការងារ និងអ្នកបើកបរទូក ខណៈមនុស្ស០៦នាក់ផ្សេងទៀតដែលបានបាត់ខ្លួនត្រូវបានរកឃើញថា ស្លាប់០៣នាក់ហើយ ក្រោយពេលទូកទេសចរណ៍ដែលពួកគេជិះ បានលិចទៅក្នុងដែនសមុទ្រ នៃភាគខាងកើត ប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ថា ក្រោយពីការបាត់ដំណឹងរបស់ទូកដឹកអ្នកដំណើរខាងលើនេះ ក្រុមរុករករបស់ម៉ាឡេស៊ី រួមមានទាំងផ្លូវទឹក និងអាកាសបានព្យាយាមស្វែងរកក្នុងទំហំផ្ទៃទឹកជាង ៦០០គីឡូម៉ែត្រក្រឡា។ សម្រាប់អ្នកបាត់ខ្លួនទាំង០៣នាក់នោះគឺជាជនជាតិចិន និងអាចជាអ្នកបម្រើលើទូក ដែលក្រុមសង្គ្រោះកំពុង បន្តស្វែងរកទាំងយប់៕