(កួឡាឡាំពួរ)៖ ទូកដឹកអ្នកទេសចរ ៣១នាក់ ដែលក្នុងនោះជាង ២០នាក់ជាទេសចរមកពីប្រទេសចិន ដែលបានបាត់ដំណឹង នៅព្រឹកថ្ងៃអាទិត្យនេះ នៅក្នុងដែនទឹកប្រទេសម៉ាឡេស៊ី ក្រោយការចាកចេញពីកំពង់ផែ Kota Kinabalu ភាគខាងកើតប្រទេសម៉ាឡេស៊ីនោះ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ ខណៈប្រទេសចិនកំពុងអន្ទះសារក្នុងរឿងនេះ និងអំពាវនាវឲ្យក្រុមរុករកម៉ាឡេស៊ី ធ្វើការស្វែងរកឲ្យអស់ពីលទ្ធភាព។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថារហូតមកដល់ពេលរសៀលនេះ ក្រុមអ្នករុករករបស់ម៉ាឡេស៊ីកំពុងតែបំពេញប្រតិបត្តិការស្វែងរកនៅឡើយ ប៉ុន្តែក្រុមរុករកក៏ប្រឈមមុខនឹងអាកាសធាតុមិនល្អផងដែរ ដែលជាឧបសគ្គរារាំងដល់ប្រតិបត្តិការទាំងមូល៕