(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីបានធ្វើការពិភាក្សាគ្នាជាលើកដំបូងតាមទូរស័ព្ទនៅថ្ងៃសៅរ៍នោះ បានសម្រេចនូវសមិទ្ធិផលជាច្រើន ក្នុងនោះគឺការព្រមព្រៀងស្តារកិច្ចសហប្រតិបត្តិការនានា រវាងមហាអំណាចទាំងពីរឡើងវិញ និងធ្វើវាបានស៊ីជម្រៅផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់វិមានក្រឹមឡាំង នារសៀលថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីទាំងពីរបានសម្តែងចេញនូវឆន្ទៈរៀងៗខ្លួន ក្នុងការរួមសហការគ្នាឲ្យបានសកម្មបំផុត ដើម្បីស្តារកិច្ចសហប្រតិបត្តិការនានារវាងអាមេរិក-រុស្ស៊ីឡើងវិញ ដោយឈរលើមូលដ្ឋានស្ថាបនា ស្មើភាព និងផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ជាពិសេសគឺការរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់ភេរវករអន្តរជាតិ»។
គួរបញ្ជាក់ថាឆ្លើយតបទៅនឹងការចង់បានទំនាក់ទំនងល្អ ជាពិសេសគឺការដកទណ្ឌកម្មពីអាមេរិកវិញនោះ លោក ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាក់ថា ការដកទណ្ឌកម្មពីប្រទេសរុស្ស៊ីមិនមែនជាបញ្ហាឡើយសម្រាប់អាមេរិក ប៉ុន្តែវាត្រូវការពេលវេលាដើម្បីតាមដានមើលសកម្មភាពរបស់រុស្ស៊ី ថាបានអនុវត្តន៍ល្អកម្រិតណាក្នុងការសហការកម្ចាត់ក្រុមភេរវករអន្តរជាតិ ជាពិសេសពួក ISIS នៅក្នុងប្រទេសស៊ីរី។ បន្ថែមពីនេះទៀត ប្រមុខដឹកនាំទាំងពីរក៏បានលើកឡើងពីសារៈសំខាន់នៃការបង្កើនទំនាក់ទំនាក់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ៕