(វ៉ាស៊ីនតោន)៖ តុលាការសហព័ន្ធអាមេរិក បានសម្រេចផ្តល់នូវការស្នាក់នៅជាបណ្តោះអាសន្នមួយនៅថ្ងៃសៅរ ដែលអនុញ្ញាតឲ្យអ្នកដំណើរដែលមានទិដ្ឋាការ នៅសល់សុពលភាព អាចបន្តស្នាក់នៅសហរដ្ឋអាមេរិក ដែលនេះជាការបន្ថយភាពចលាចល និងការចាប់ឃុំខ្លួនមនុស្សមួយចំនួន បន្ទាប់ពីប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ចេញបទបញ្ជាប្រតិបត្តិមួយ ដោយហាមឃាត់ប្រជាជនមកពីប្រទេសម៉ូស្លីមចំនួន០៧ ចូលមកកាន់ទឹកដីអាមេរិក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNBC នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៧។
សហភាពការពារសិទ្ធិជនស៊ីវិលអាមេរិកមួយដែលហៅកាត់ថា ACLU បានគណនាថា ការបង្ខំអនុវត្តន៍បទបញ្ជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សពី១០០នាក់ ទៅ២០០នាក់ ដែលត្រូវបានឃុំឃាំងនៅក្នុងកន្លែងផ្ទេរដំណើរក្នុងព្រលានយន្តហោះមួយចំនួននៅសហរដ្ឋអាមេរិក ហើយគេនៅមិនទាន់ដឹងថា តើពួកគេនឹងត្រូវរង់ចាំដល់ពេលណានោះទេ។ ACLU និងក្រុមសកម្មជនដទៃៗទៀត បានរៀបចំបណ្តឹងតាមផ្លូវច្បាប់រួចទៅហើយ ដើម្បីតទល់នឹងបទបញ្ជារបស់លោក ត្រាំ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងសន្តិសុខមាតុភូមិរបស់អាមេរិក ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងនៅថ្ងៃសៅរ៍ថា អាជ្ញាធរកំពុងពិនិត្យមើលជុំវិញវិវាទខាងលើនេះ ដែលខ្លួនត្រូវតែអនុវត្តន៍តាមបទបញ្ជា ប៉ុន្តែប្រសិនបើមានបទបញ្ជាថ្មីទៀត យើងនឹងធ្វើការអនុវត្តន៍តាមភ្លាមៗដែរ។ មន្ត្រីរូបនេះបានបន្តទៀតថាអ្នកដំណើរ ១០៩នាក់ត្រូវបានហាមឃាត់ទុកនៅព្រលានហោះ ដោយមិនឲ្យចូលក្នុងសហរដ្ឋអាមេរិកនោះឡើយ នៅរយៈពេល ២៣ម៉ោងក្រោយការចេញបញ្ជាពីលោក ត្រាំ។
គួរបញ្ជាក់ថា បណ្តាប្រទេសចំនួន ០៧ ដែលទទួលបានបម្រាមរបស់លោក ដូណាល់ ត្រាំ រយៈពេល ៩០ថ្ងៃនោះមានដូចជាតិ អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និង យ៉េមែន។ ដោយឡែកជនភៀសមកពីបណ្តាប្រទេសជាច្រើនទៀត ត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីអាមេរិកក្នុងរយៈពេល ១២០ថ្ងៃ ប៉ុន្តែសម្រាប់ជនភៀសខ្លួនស៊ីរីវិញ គឺត្រូវបានហាមឃាត់ដោយគ្មានពេលកំណត់។
ចំណាត់ការក្តៅដែលបញ្ចេញដោយលោក ដូណាល់ ត្រាំ មិនបានប៉ុន្មានផងឥឡូវនេះបានបង្កើតឡើងនូវការតវ៉ាប្រឆាំងយ៉ាងកក្រើក ពីសំណាក់ជនភៀសខ្លួនមកពីបណ្តាប្រទេសនានាដែលកកកុញនៅព្រលានយន្តហោះអន្តរជាតិទូទាំងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងទៅនឹងបទបញ្ជាហាមឃាត់ជនភៀសខ្លួនចូលទឹកដីអាមេរិកជាបណ្តោះអាសន្ន និងការហាមអ្នកដំណើរមកពីប្រទេសម៉ូស្លីមចំនួន ០៧ ជាន់ទឹកដីអាមេរិករយៈពេល ៩០ថ្ងៃ។
ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋាន John F Kennedy នៃទីក្រុងញូយ៉ក ដើម្បីទាមទារឲ្យអាជ្ញាធរដោះលែងជនភៀសខ្លួនចំនួន ១១នាក់ ដែលត្រូវបានចាប់បង្ខាំងទុកនៅទីនោះ។ ទោះបីជាបែបនេះក្តីលោក ដូណាល់ ត្រាំ បានចេញមុខការងារចំណាត់ការរបស់លោកនៅថ្ងៃសៅរ៍ថា «វាមិនមែនជាបទបញ្ជាប្រតិបត្តិ ដែលសម្រាប់ហាមជាតិជនជាតិម៉ូស្លីមនោះឡើយ»។
លោក ត្រាំ បានថ្លែងជុំវិញបញ្ហាផ្ទុះឡើងនេះថា «អ្នកឃើញច្បាស់ហើយឬនៅ ថាវាដំណើរការមិនល្អនោះទេ! អ្នកឃើញបញ្ហានោះហើយ នៅព្រលានយន្តហោះ។ យើងកំពុងតែព្យាយាមអនុវត្តន៍បម្រាមឲ្យបានតឹងរ៉ឹងបំផុត... វាគួរតែត្រូវបានអនុវត្តន៍ក្នុងប្រទេសរបស់យើងរាប់ឆ្នាំមកហើយ»៕