(វ៉ាស៊ីនតោន)៖ ចំណាត់ការក្តៅដែលបញ្ចេញដោយលោក ដូណាល់ ត្រាំ មិនបានប៉ុន្មានផង ឥឡូវនេះបានបង្កើតឡើងនូវការតវ៉ាប្រឆាំងយ៉ាងកក្រើក ពីសំណាក់ជនភៀសខ្លួនមកពីបណ្តាប្រទេសនានាដែលកកកុញ នៅព្រលានយន្តហោះអន្តរជាតិទូទាំងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងទៅនឹងបទបញ្ជាហាមឃាត់ជនភៀសខ្លួនចូលទឹកដីអាមេរិកជាបណ្តោះអាសន្ន និងការហាមអ្នកដំណើរមកពីប្រទេសម៉ូស្លីមចំនួន០៧ ជាន់ទឹកដីអាមេរិករយៈពេល ៩០ថ្ងៃ។ នេះបើតាមចេញផ្សាយដោយ BBC នៅមុននេះបន្តិច នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៧។
ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋាន John F Kennedy នៃទីក្រុងញូយ៉ក ដើម្បីទាមទារឲ្យអាជ្ញាធរដោះលែងជនភៀសខ្លួនចំនួន១១នាក់ ដែលត្រូវបានចាប់បង្ខាំងទុកនៅទីនោះ។ ទោះបីជាបែបនេះក្តីលោក ដូណាល់ ត្រាំ បានចេញមុខចំពោះចំណាត់ការរបស់លោកនៅថ្ងៃសៅរ៍ថា «វាមិនមែនជាបទបញ្ជាប្រតិបត្តិ ដែលសម្រាប់ហាមជាតិជនជាតិម៉ូស្លីមនោះឡើយ»។
លោក ត្រាំ បានថ្លែងជុំវិញបញ្ហាផ្ទុះឡើងនេះថា «អ្នកឃើញច្បាស់ហើយឬនៅ ថាវាដំណើរការមិនល្អនោះទេ! អ្នកឃើញបញ្ហានោះហើយ នៅព្រលានយន្តហោះ។ យើងកំពុងតែព្យាយាមអនុវត្តន៍បម្រាមឲ្យបានតឹងរ៉ឹងបំផុត... វាគួរតែត្រូវបានអនុវត្តន៍ក្នុងប្រទេសរបស់យើងរាប់ឆ្នាំមកហើយ»។ បន្ថែមពីនេះ ក្រុមអ្នកការពារសិទ្ធិតាមផ្លូវច្បាប់មួយចំនួននៅអាមេរិក ក៏កំពុងរៀបចំប្តឹងលោក ដូណាល់ ត្រាំ ផងដែរ។
គួរបញ្ជាក់ថា បណ្តាប្រទេសចំនួន ០៧ ដែលទទួលបានបម្រាមរបស់លោក ដូណាល់ ត្រាំ រយៈពេល ៩០ថ្ងៃនោះមានដូចជាតិ អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និង យ៉េមែន។ ដោយឡែកជនភៀសមកពីបណ្តាប្រទេសជាច្រើនទៀត ត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីអាមេរិកក្នុងរយៈពេល ១២០ថ្ងៃ ប៉ុន្តែសម្រាប់ជនភៀសខ្លួនស៊ីរីវិញ គឺត្រូវបានហាមឃាត់ដោយគ្មានពេលកំណត់៕