(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ធេរ៉េសា ម៉ាយ បានថ្លែងថា ចក្រភពអង់គ្លេសមិនបានយល់ស្របចំពោះ «របៀបនៃការអនុវត្តន៍» របស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីទប់ស្កាត់ជនភៀសខ្លួនចូលទៅក្នុងសហរដ្ឋអាមេរិកនោះឡើយ ប៉ុន្តែលោកស្រីក៏មិនបានរិះគន់ ឬធ្វើការថ្កោលទោសជុំវិញបញ្ហាដ៏រសើបនេះដែរ។ នេះបើតាមការដកស្រង់ការផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៧។
ប្រការខាងលើនេះហើយ ទើបលោកស្រី ម៉ាយ ត្រូវបានគេព្រួយបារម្ភថា នឹងអាចទទួលរងការរិះគន់ខ្លាំងពីសំណាក់សមាជិកសភាអង់គ្លេស ចំពោះការដែលលោកស្រីមិនបានថ្កោលទោសនយោបាយចាត់ការលើជនភៀសខ្លួនរបស់អាមេរិក រួមទាំងការហាមឃាត់ជាបណ្តោះអាសន្ននូវអ្នកដំណើរពីប្រទេសចំនួន ៧ (ប្រទេសម៉ូស្លីម) ដូចជាស៊ីរី ជាដើមនោះ។
ទោះបីជាបែបនេះក្តីលោកស្រី ម៉ាយ បានបញ្ជាក់ពីជំហររបស់ខ្លួនថា នយោបាយដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ គឺជាសិទ្ធិអំណាចរបស់រដ្ឋាភិបាលអាមេរិក ហើយវាក៏ដូចនឹងអ្វីដែលរដ្ឋាភិបាលយើងកំពុងរៀបចំអនុវត្តន៍ផងដែរ។ ប៉ុន្តែអង់គ្លេសគិតគូរបំផុតទៅលើការអនុវត្តន៍អ្វីៗទៅតាមនីតិវិធី ដើម្បីកុំឲ្យមានការជះឥទ្ធិពលលើផ្នែកច្បាប់៕