(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចេញបម្រាមហាមឃាត់ជនភៀសខ្លួនចូលមកាន់សហរដ្ឋអាមេរិកចំនួន០៤ខែ និងផ្អាកជាបណ្តោះអាសន្ននូវអ្នកដំណើរ ឬទេសចរមកពីបណ្តាប្រទេសម៉ូស្លីមចំនួន០៧ ដូចជា ស៊ីរី, អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, និងយ៉េមែន ដែលមានរយៈពេល៩០ថ្ងៃ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៧។
លោក ត្រាំ បានថ្លែងនាឱកាសរៀបចំកិច្ចប្រជុំមួយក្នុងមន្ទីរបញ្ចកោណ (ក្រសួងការពារជាតិ) នៃរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃសុក្រដូច្នេះថា «ខ្ញុំកំពុងបង្កើតនូវដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីទប់ស្កាត់ពួកភេរវកររ៉ាឌីកាល់អ៊ីស្លាម មិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក។ យើងមិនចង់ឲ្យពួកគេនៅទីនេះទេ។ យើងអនុញ្ញាតឲ្យតែអ្នកដែលគាំទ្រប្រទេសយើង និងស្រឡាញ់ប្រជាជនយើងយ៉ាងជ្រាលជ្រៅប៉ុណ្ណោះ ដែលអាចចូលសហរដ្ឋអាមេរិកបាន»។
គួរបញ្ជាក់ថា ការអនុវត្តន៍របស់លោក ដូណាល់ ត្រាំ ខាងលើនេះត្រូវបានអ្នកវិភាគព្រមានថា នឹងទទួលរងការរិះគន់ពីសំណាក់ក្រុមអង្គការសង្គមស៊ីវិល ដោយពួកគេនឹងលើកយកហេតុផលនៃការរើសអើងមនុស្សជាតិ តាមរយៈការទុកឲ្យជនភៀសខ្លួនរស់នៅកន្លែងដ៏គ្រោះថ្នាក់ ហើយនឹងធ្វើឲ្យអាមេរិកកែប្រែឈ្មោះពីទីកន្លែង ដែលធ្លាប់តែស្វាគមន៍ដល់ជនចំណូលថ្មីពីទូទាំងពិភពលោកជាក់ជាមិនខាន៕