(វ៉ាស៊ីនតោន)៖ ផ្កាយរណបមួយបានផ្អិតយករូបភាព ទៅលើតំបន់រោងចក្រមួយរបស់កូរ៉េខាងជើង ដែលត្រូវបានប្រើប្រាស់ ដើម្បីចម្រាញ់សារធាតុភ្លុយតូញ៉ូម (plutonium) ដែលជាសារធាតុគីមីដ៏មានឥទ្ធិពលសម្រាប់ផ្សំជាអាវុធនុយក្លេអ៊ែរ។ នេះបើតាមរបាយការណ៍ពីភ្នាក់ងារតាមដានសម្ងាត់អាមេរិក ដកស្រង់ដោយ Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៧។
កម្មវិធីតាមដានសកម្មភាពកូរ៉េខាងជើងរបស់ Washington's 38 បានធ្វើការថតរូបភាពខាងលើនេះ តាំងតែពីថ្ងៃទី១៨ ខែមករាមកម្ល៉េះ ហើយរហូតមកដល់ចុងខែមករា នេះទើបគេអាចសន្និដ្ឋានបានថា កូរ៉េខាងជើងបាននិងកំពុងរៀបចំដាក់ឲ្យដំណើរការឡើងវិញ នូវរោងចក្រនុយក្លេអ៊ែរ យ៉ុងប្យុង ដើម្បីធ្វើការចម្រាញ់សារធាតុភ្លុយតូញ៉ូម យកទៅផលិតអាវុធនុយក្លេអ៊ែរ។
ទោះបីជាបែបនេះក្តី តាមរយៈរូបភាពព្រាលៗបែបនេះ គេមិនអាចធ្វើការកំណត់បានទេថា តើកម្រិតនៃរោងចក្រខាងលើនេះខ្លាំងប៉ុណ្ណា ហើយបើវាពិតជាមានដំណើរការដូចការដែលបានបង្ហាញមែននោះ អង្គការសហប្រជាជាតិ ដែលទើបតែជ្រើសតាំងអគ្គលេខាធិការថ្មី ក៏នឹងអាចចាត់វិធានការជុំវិញការល្មើសបម្រាមអន្តរជាតិ ពីសំណាក់កូរ៉េខាងជើងម្តងហើយម្តងទៀត ខាងលើនេះនេះដែរ៕