(អាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាក្នុងការដណើ្តមយកសេតវិមាន ដោយសម្លេងគាំទ្រភ្លូកទឹកភ្លូកដី។ ប្រធានាធិបតីថ្មីរូបនេះ មានបំណងចង់ធ្វើកំណែទម្រង់ទៅលើគ្រប់រឿងទាំងអស់ ជាអាថ៌មានដូចជា៖ គោលនយោបាយ ទំនាក់ទំនងការបរទេស ឬស្ថាប័នសារព័ត៌មាន។
លោក ដូណាល់ ត្រាំ បានប្រាប់បេក្ខជនដែលត្រៀមទទួលដំណែងក្នុងគណរដ្ឋមន្ត្រី ឱ្យចេះធ្វើជាមនុស្សវៃឆ្លាត។
លោកចង់ធ្វើកំណែទម្រង់ទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងកម្រិត៣៦០ដឺក្រេតែម្តង ព្រមទាំងចង់ឱ្យវាកើតឡើងក្នុងភ្លាមៗផងដែរ។ ហេតុនេះរយៈពេល ១០០ថ្ងៃដំបូង របស់លោក គឺពិតមានភាពសំខាន់ និងច្បាស់លាស់ជាខ្លាំង។ លោកបានគ្រោងពេលវេលាសម្រាប់រៀបចំរបៀបវរៈដែលអាចឱ្យយើងវាយតម្លៃ បានថា តើលោកពិតជាអាចផ្លាស់ប្តូរសហរដ្ឋអាមេរិក បានកម្រិតណាក្នុងរយៈពេលបីខែខាងមុខ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ក្នុងរយៈពេល១០០ថ្ងៃដំបូងនេះ ការផ្លាស់ប្តូរមិនមែនកើតមានតែនៅអាមេរិកប៉ុណ្ណោះទេ តែក៏បានកើតឡើងក្នុងអឺរ៉ុបផងដែរ។ ជាក់ស្តែងដូចជា ចក្រភពអង់គ្លេស ចាប់ផ្តើមដំណើរការជាផ្លូវការក្នុងការចាកចេញពីសភាពអឺរ៉ុប ចំណែកប្រទេស ហូឡង់វិញនឹងរៀបចំការបោះឆ្នោត ខណៈដែលប្រទេស បារាំងក៏នឹងត្រៀមរៀបចំការបោះឆ្នោត ដោយក្នុងនោះបក្សចលនាជាតិនិយម នឹងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
ហេតុនេះក្នុងរយៈពេល១០០ថ្ងៃដំបូង នៃការឡើងកាន់អំណាចរបស់លោក ត្រាំ នឹងក្លាយជាពេលវេលាដ៏គួរឱ្យកត់សម្គាល់ សម្រាប់ទ្វីបទាំងពីរដែលស្ថិតម្ខាងម្នាក់ នៃមហាសមុទ្រអាត្លង់ទិក។ ស្ថានភាពនេះទាមទារនូវការពិនិត្យតាមដាន និងវិភាគយ៉ាងដិតដល់។ សារព័ត៌មាន BBC នឹងផ្តោតទៅលើរឿងនេះ រយៈពេល១០០ថ្ងៃពេញតែម្តង តាមរយៈកម្មវិធីប្រចាំថ្ងៃដែលនឹងផ្តល់ឱ្យមនុស្សមានឱកាសក្នុងការតានដាន ទៅលើបំលាស់ប្តូរពិភពលោក។
ថ្ងៃឡើងកាន់អំណាចរបស់ប្រធានាធិបតី ដែលជំពាក់ពាក្យសន្យារូបនេះ គឺជាការចាប់ផ្តើមនូវការធ្វើតេសន៍សាកល្បងមួយ។ ខណៈពេលនេះលោកកំពុងតែម្ចាស់ការ ទៅលើបញ្ហាដែលលោកធ្លាប់ឃោសនាប្រឆាំង។
ហេតុនេះតើលោកអាចឆ្លៀសវៃគ្រប់គ្រាន់ក្នុងការសម្រេចកិច្ចការនេះបានដែរឬទេ? តើអ្នកណានឹងទទួលបានផលប្រយោជន៍ ហើយអ្នកណាជាអ្នកខាតបង់?
តើលោកនឹងធ្វើទំនាក់ទំនងជាមួយ នឹងបណ្តាប្រទេសផ្សេងទៀតដោយរបៀបណា?
ខណៈដែលលោក អូបាម៉ា ចុះចេញពីដំណែង អតីតប្រធានាធិបតីរូបនេះបានព្រមានលោកត្រំាដែលជាអ្នកបន្តវេនថា «ប្រសិនបើលោកព្យាយាមផ្លាស់ប្តូរអ្វីមួយ និងបង្កើតគំនិតថ្មីៗ ត្រូវច្បាស់ថា លោកបានយល់ច្បាស់ពីលទ្ធផល ដែលនឹងកើតឡើងចេញពីទង្វើរបស់លោក»។ អតីតប្រធានាធិបតីស្បែកខ្មៅរូបនេះ ក៏បានបញ្ជាក់ផងដែរថា ឆាប់ៗខាងមុខបន្ទុកនៃការងារនឹងត្រូវធ្លាក់ទៅលើស្មារបស់លោកត្រាំដែលនឹងធ្វើឱ្យលោកអាចយល់កាន់តែច្បាស់ ព្រមទាំងចេះបន្ទាបខ្លួនទទួលយកលទ្ធផលពីអ្វីដែលលោកបានធ្វើ។
សូមជម្រាបថា លោក ត្រាំ បានដើរចូលក្នុងសេតវិមានដោយប្រជាប្រិយភាពទាបបំផុត បើប្រៀបធៀបនឹងប្រធានាធិបតីក្នុងអាណត្តិមុនៗ។ ច្បាស់ណាស់ថា លោកពិតជាមិនពេញចិត្តនឹងរឿងនេះឡើយ។ លោកបានបញ្ជាក់ថា លោកបានតាមដានការបោះឆ្នោតយ៉ាងហ្មត់ចត់ យ៉ាងនេះក្តីមហាសេដ្ឋីវាល់លានរូបនេះ នៅតែព្យាយាមបដិសេធ ដោយលើកឡើងថា ការបោះឆ្នោតមានការក្លែងបន្លំ។
ខណៈនេះ ថ្វីត្បិតកិច្ចការមួយចំនួនស្ថិតក្រោមការគ្រប់គ្រង់របស់លោក ប៉ុន្តែមួយចំនួនទៀតមិនស្ថិតក្រោមទំនួលខុសរបស់លោកឡើយ។ បក្សសាធារណរដ្ឋ នឹងទទួលឥទ្ធិពលជាខ្លាំងដោយសារ១០០ថ្ងៃដំបូង នៃជ័យជម្នះរបស់លោក។ ចំណែកពិភពលោកទាំងមូល ក៏កំពុងប្រឈមមុខនឹងរយៈពេលបីខែគួរចាប់អារម្មណ៍ និងមមាញឹកនេះ។ វាជាដំណាក់កាលចាប់ផ្តើមក្នុងការធ្វើតេសន៍សាកល្បង ទៅលើសមត្ថភាពរបស់លោក ត្រាំ ដែលមានបំណងចង់ផ្លាស់ប្តូរទាំងរូបភាព ក្លិន និងអារម្មណ៍របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលនេះនឹងក្លាយជារឿងដ៏គួរចាប់អារម្មណ៍ជាខ្លាំង មិនខុសពីការចាប់ផ្តើមដំបូងនៃអាណត្តិរបស់លោកអូបាម៉ា កាលពី៨ឆ្នាំមុន៕
បកប្រែ និងសម្រួលដោយ៖អ៊ឹត ចណ្ណា