(វ៉ាស៊ីនតោន)៖ អ្វីៗជាច្រើនដែលលោក ដូណាល់ ត្រាំ បានត្រៀមទុកតាំងតែពីបានឈ្នះឆ្នោតនោះ វាត្រូវបានចុះហត្ថលេខាដាក់ឲ្យប្រតិបត្តិជាបន្តបន្ទាប់ ក្នុងនោះវិស័យយោធាអាមេរិកក៏កំពុងឈានទៅរកការបង្កើនឥទ្ធិពលជាថ្មីផងដែរ ដោយតាមរយៈរដ្ឋបាលថ្មីបានអះអាងថានឹងធ្វើការ «កសាងឥទ្ធិពលយោធាឡើងវិញដ៏អស្ចារ្យ» រួមមានការសន្យាផ្តល់យន្តហោះចម្បាំងថ្មីៗទំនើបៗ ព្រមជាមួយនឹងនាវាចម្បាំង និងធនធានបន្ថែមសម្រាប់វិស័យយោធា។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងពិធីមួយដែលបានរៀបចំឡើង នៅមន្ទីរបញ្ចកោណនាថ្ងៃសុក្រថា «ឥទ្ធិពលយោធារបស់យើង គឺគ្មាននរណាសង្ស័យស្រាប់ទៅហើយ ប៉ុន្តែវាត្រូវតែស្របទៅតាមគោលដៅស្វែងរកសន្តិភាពរបស់យើង។ យើងពិតជាចង់បានណាស់នូវសន្តិភាព»។ លោក ត្រាំ ក៏បានរំពឹងផងដែរថាសភា នឹងធ្វើការកំណត់ការចំណាយសម្រាប់រដ្ឋាភិបាល ហើយអាមេរិកនឹងរីករាយបំផុតក្នុងការឃើញ «ការស្នើសុំថវិកាបន្ថែមថ្មី ពីសំណាក់សេតវិមានចំពោះវិស័យយោធា» ត្រូវបានសម្រេច៕