(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីម៉ិចស៊ីកូ លោក អេនរីក ផេណា នាតូ បានធ្វើការពិភាក្សាគ្នាជាលើកដំបូងតាមទូរស័ព្ទ ដែលមានរយៈពេលពេលជាងមួយម៉ោងឯណោះ ខណៈដែលប្រទេសជិតខាងទាំងពីរកំពុងមានជម្លោះក្តៅគគុក រឿងបញ្ហាព្រំដែន និងជនភៀសខ្លួន ដោយសារតែអាមេរិកបានទម្លាក់បន្ទុកទាំងស្រុងទៅលើម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៧។
ក្រោយកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទបញ្ចប់ ការិយាល័យប្រធានាធិបតីម៉ិចស៊ីកូ បានចេញសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃសុក្រថា «ជាការឆ្លើយតបឲ្យបានសមរម្យទៅនឹងការចំណាយ ទៅលើជញ្ជាំងព្រំដែន ប្រធានាធិបតីទាំងពីរបានបញ្ជាក់អំពីភាពច្បាស់លាស់ និងភាពខុសប្លែកគ្នារវាងជំហរប្រទេសទាំងពីរទៅលើបញ្ហាដ៏រសើបនេះ។ ដូច្នេះប្រធានាធិបតីទាំងពីរបានសម្រេចចិត្ត ឲ្យមានការពិភាក្សាយ៉ាងបើកទូលាយ អំពីបញ្ហារកាំរកូសនេះតែម្តង»។
ជុំវិញបញ្ហានេះដែរលោក ដូណាល់ ត្រាំ បានលើកឡើងថា «យើងមានការជជែកគ្នាយ៉ាងល្អ។ ព្រំដែនមានសភាពធូររលុង ហើយគ្រឿងញៀនកំពុងមានឥទ្ធិពលជ្រៀតចូល ដូច្នេះខ្ញុំមិនអនុញ្ញាតឲ្យមានរឿងនេះកើតមានឡើងបានឡើយ។ ខ្ញុំមានការយោគយល់ខ្ពស់ចំពោះប្រទេសម៉ិចស៊ីកូ ហើយខ្ញុំស្រឡាញ់ប្រជាជនម៉ិចស៊ីកូ»។ ទោះបីជាបែបនេះក្តី វាមានន័យថាភាគីទាំងពីរមិនទាន់បានពិភាក្សាគ្នា ឲ្យបានស៊ីជម្រៅអ្វីនោះឡើយ ហើយការខ្វែងគំនិតគ្នានេះក៏មិនដឹងថា នឹងបន្តដល់ពេលណានោះដែរ។
គួរបញ្ជាក់ថាលោក ផេណា នាតូ ប្រធានាធិបតីម៉ិចស៊ីកូ បានគ្រោងរៀបចំដំណើរទស្សនកិច្ច ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ប៉ុន្តែក្រោយពីការជម្រិតឲ្យម៉ិចស៊ីកូ ចេញថ្លៃកសាងជញ្ជាំងព្រំដែន និងការទាមទារពន្ធនាំចូលតាមព្រំដែនចំនួន ២០%នោះ រដ្ឋាភិបាលម៉ិចស៊ីកូ ក៏បានសម្រេចលុបចោលដំណើរនោះតែម្តង៕