(បាងកក)៖ តុលាការមួយរបស់ថៃបានកាត់ទោសបុរសម្នាក់ ដាក់ពន្ធនាគារចំនួន ១១ឆ្នាំ និងបួនខែក្រោមបទចោទប្រកាន់ថា បានបរិហាកេរ្តិ៍ខ្សែរាជវង្ស និងបទឧក្រិដ្ឋកម្មកុំព្យូទ័រតាមរយៈការបង្ហោះសារនានា នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោកកាលពីឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន Channel News Asia នាយប់ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។
បុរសដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារខាងលើនេះឈ្មោះ Burin Intin មានអាយុ ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីបានចូលរួមនៅក្នុងការតវ៉ាដោយសន្តិវិធីមួយប្រឆាំងរបបដឹកនាំយោធាថៃ។ មេធាវីរបស់លោក Burin Intin បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កូនក្តីរបស់លោកនឹងមិនធ្វើការប្តឹងឧទ្ធរណ៍នោះឡើយ ប៉ុន្តែលោកនឹងដាក់លិខិតស្នើសុំព្រះរាជទានទោសពីព្រះមហាក្សត្រ។
គួរបញ្ជាក់ថាច្បាប់រដ្ឋធម្មនុញ្ញថៃបានចែងអំពីស្ថានទម្ងន់ទោសដ៏ធ្ងន់ធ្ងរ សម្រាប់អ្នកដែលបានជេរប្រមាថ ឬបរិយារកេរ្តិ៍ក្រុមគ្រួសារញាតិវង្សថៃ ជាពិសេសទៅលើ ព្រះមហាក្សត្រ មហាក្សត្រី និងព្រះរាជទាយាទជាដើម។ អ្នកទោសនីមួយៗនឹងអាចជាប់ពន្ធនារហូតដល់ទៅ ១៥ឆ្នាំឯណោះ៕