(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានចេញសេចក្តីអំពាវនាវមួយឲ្យសហរដ្ឋអាមេរិក ធ្វើការលើកលែងការចោទប្រកាន់ ដល់អ្នករាយការណ៍ព័ត៌មានមួយរូប របស់បណ្តាញព័ត៌មានរុស្ស៊ី Russia Today (RT TV) ប្រចាំសហរដ្ឋអាមេរិកដែលត្រូវបានចាប់ឃុំខ្លួន ខណៈកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។
លោក Alexander Rubinstein គឺជាអ្នករាយការណ៍ព័ត៌មានមួយរូបរបស់ RT America TV ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ សប្តាហ៍មុននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយនឹងសារព័ត៌មានមួយចំនួនទៀត ដែលបានព្យាយាមផ្តិតយកព្រឹត្តិការណ៍នៃការតវ៉ាប្រឆាំង ពិធីស្បថឡើងកាន់តំណែងជាផ្លូវការ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ហើយក៏ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយពីបានទទួលការសាកសួរអំឡុងពេល ២៤ម៉ោង។
គួរបញ្ជាក់ថា លោក Rubinstein ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដែលបានចូលរួមក្នុងអំពើកុប្បកម្ម នៅថ្ងៃស្បថឡើងកាន់តំណែងរបស់លោក ត្រាំ ដែលនឹងប្រឈមមុខជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ និងពិន័យជាប្រាក់ ២៥,០០០ដុល្លារអាមេរិក ដែលតុលាការនឹងធ្វើការសាកសួរជាលើកដំបូងនៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ៕