(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ នឹងធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទជាមួយលោក​ វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃសៅរ៍​ស្អែកនេះ ដែលវានឹងក្លាយជាលើកដំបូងបំផុត និងជារឿង​ដែលគ្រប់គ្នាចង់ដឹង ខណៈដែលទំនាក់ទំនង​រវាងអាមេរិក និងរុស្ស៊ីបានធ្លាក់ចុះដុនដាបខ្លាំងផុត នៅចុងនៃអាណត្តិដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា។ នេះបើតាមការ​ចេញផ្សាយនៅមុននេះ​បន្តិច ដោយ Channel News Asia ដកស្រង់ចេញពី Reuters នារសៀលថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។

តាមការអះអាងពីវិមានក្រឹមឡាំង រុស្ស៊ីបានរំពឹងថាកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទជាលើកដំបូង និងអាចឈានទៅដល់ជំនួបពិភាក្សាទ្វេភាគីរវាងលោក ត្រាំ និងលោក ពូទីន នៅថ្ងៃអនាគតនេះ នឹងអាចជួយជម្រុញឲ្យមហាអំណាចទាំងពីរ វិលមករកទំនាក់ទំនង​ប្រសើរឡើងវិញ ហើយវា​ក៏ទំនង​ជា​កត្តាដែលបាន​ជំរុញឲ្យលោក ត្រាំ ទទួលបានសំឡេងឆ្នោតគាំទ្រពីប្រជាជន​អាមេរិកផងដែរ ក្នុងការស្តារស្ថានការណ៍ពិភពលោក កុំឲ្យមានការប្រឈមមុខដាក់គ្នាឡើងវិញ។

ទោះបីជាបែបនេះក្តី វិមានក្រឹមឡាំងមិនបានបញ្ជាក់ទេថា តើកិច្ចពិភាក្សាតាមទូរស័ព្ទនោះ នឹងអាចកើតមានឡើង ១០០ភាគរយដែរឬយ៉ាងណា៕