(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូបានលើកឡើងថា ប្រទេសរបស់លោកមានឆន្ទៈជានិច្ចក្នុងការពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាទំនាក់ទំនងល្អរវាងគ្នា ប៉ុន្តែសម្រាប់រឿងចេញថ្លៃ កសាងជញ្ជាំងព្រំដែនជារឿងដែល «គ្មានផ្លូវអាចចរចាបានឡើយ»។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នារសៀលថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូលោក Luis Videgaray បានលើកឡើងយ៉ាងដូច្នេះថា «វាជារឿងដែលមិនអាចមានការចរចាណាមួយបាន ហើយជារឿងដែលមិនអាច និងមិនត្រូវលើកយកមកចរចាគ្នា។ ការពិតនោះគឺការដែលបានលើកឡើងថា ម៉ិចស៊ីកូគួរតែជាអ្នកចំណាយទៅលើការកសាងជញ្ជាំងព្រំដែននោះ វាជារឿងសាមញ្ញទេដែលមិនត្រូវឲ្យមានការចរចាកើតឡើង»។
គួរបញ្ជាក់ថាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូខាងលើនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងស្ថានទូតម៉ិចស៊ីកូប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដែលវាបានកើតឡើងក្រោយពេលលោក ដូណាល់ ត្រាំ បញ្ជាក់ពីជំហរទាមទារថ្លៃកសាងជញ្ជាំងព្រំដែន ១០០%ពីម៉ិចស៊ីកូដែលមានប្រវែងជាង ៣,២០០គីឡូម៉ែត្រ (តម្លៃរាប់ពាន់លានដុល្លារ) និងការលុបចោលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីម៉ិចស៊ីកូ លោក ផេណា នាតូ មកកាន់ទីក្រុងវ៉ាស៊ីនតោន ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃអង្គារសប្តាហ៍ក្រោយ៕