(ហ្គាំប៊ី)៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្គាំប៊ី លោក Adama Barrow ដែលបានស្បថឡើងកាន់តំណែងជាផ្លូវការនៅស្ថានទូតហ្គាំប៊ី ប្រចាំប្រទេសសេណេហ្គាល់ កាលពីដើមសប្តាហ៍នោះ បានវិលមកដល់ប្រទេសកំណើតវិញហើយនៅថ្ងៃព្រហស្បតិ៍ ដើម្បីដឹកនាំរដ្ឋាភិបាលថ្មីក្រោយប្រធានាធិបតីអាណត្តិមុន ដែលបានកាន់អំណាចតាំងពីឆ្នាំ១៩៩៤ ព្រមចុះចេញពីអំណាច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។
ប្រធានាធិបតីថ្មីខាងលើនេះ បានធ្វើដំណើរតាមយន្តហោះមកដល់រដ្ឋធានី Banjul ក្រោមការទទួលស្វាគមន៍ពីសំណាក់ប្រជាជនហ្គាំប៊ី រាប់ពាន់រាប់ម៉ឺននាក់តាំងពីព្រលានយន្តហោះ មកដល់ទីស្នាក់ការរបស់លោកក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ។ គួរបញ្ជាក់ថាលោក Adama បានឈ្នះឆ្នោតកាលពីខែធ្នូ ឆ្នាំ២០១៦ ប៉ុន្តែលោកមិនបានឡើងកាន់តំណែងតាមកាលកំណត់នោះឡើយដោយសារតែលោក Jammeh ប្រធានាធិបតីកាន់អំណាច ២២ឆ្នាំមិនព្រមចុះចេញតាមការសន្យា។
ប៉ុន្តែដោយសារតែមានអន្តរាគមន៍ពីប្រទេសជិតខាង គឺការគំរាមដោយយោធានោះ ទើបលោក Jammeh ព្រមចុះចេញពីអំណាច និងចាកចេញពីប្រទេសអាហ្វ្រិកខាងលិចនេះតែម្តង៕