(វ៉ាស៊ីនតោន)៖ ក្រោយពីមានភាពប្រឈមមុខដាក់គ្នលើបញ្ហាកសាងជញ្ជាំងព្រំដែននោះ លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីអាមេរិកថ្មីទើបឡើងកាន់តំណែងបានមួយសប្តាហ៍ បានបន្ថយបន្ទុកលើប្រទេសជិតខាងរបស់ខ្លួនគឺម៉ិចស៊ីកូ ដោយលោកចង់ឲ្យទំនិញទាំងអស់ធ្វើការបង់ពន្ធ ២០%ទៅលើតម្លៃដើមក្នុងនាំចូលឆ្លងកាត់ព្រំដែនមកសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។
អ្នកពាក្យសេតវិមានលោក ស៊ាន ស្ប៉ៃស៊ឺ បានប្រាប់ក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ថា «ប្រធានាធិបតីលោក ត្រាំ ចង់ឲ្យមានការយកពន្ធពីការនាំចូលទំនិញពីម៉ិចស៊ីកូនោះទៅកសាងជញ្ជាំងព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។ យើងកំពុងធ្វើការសម្រួលឲ្យមានកំណែទម្រង់លើផ្នែកពន្ធ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់យើង»។
គួរបញ្ជាក់ថាជុំវិញគំរោងកសាងជញ្ជាំងព្រំដែនខាងលើនេះ បានបង្ខំឲ្យប្រធានាធិបតីម៉ិចស៊ីកូលោក ផេណា នាតូ លុបចោលគំរោងបំពេញទស្សនកិច្ចនៅអាមេរិកនាថ្ងៃអង្គារ សប្តាហ៍ក្រោយនេះទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ទើបក្រោយមកប៉ុន្មានម៉ោង អ្នកនាំពាក្យសេតវិមានក៏បានប្រកាសពីផែនការថ្មីដែលលោក ដូណាល់ ត្រាំ ចង់បាននោះគឺការយកពន្ធ ២០%លើទំនិញនាំចូលពីម៉ិចស៊ីកូ ហើយចំណូលពន្ធទាំងនោះនឹងត្រូវយកទៅកសាងជញ្ជាំងព្រំដែន។
ទោះបីជាបែបនេះក្តីអ្នកវិភាគបានលើកឡើងថា លោក ត្រាំ មិនអាចទាមទារពន្ធបន្ថែមលើការនាំចូលទំនិញពីប្រទេសម៉ិចស៊ីកូនោះឡើយ ពីព្រោះតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) ដែលបានសម្រេចធ្វើការលុបចោលពន្ធរវាងអាមេរិក កាណាដា និងម៉ិចស៊ីកូរួចទៅហើយ៕