(ម៉ានីល)៖ អាជ្ញាធរជាតិសេដ្ឋកិច្ចនិងការអភិវឌ្ឍបានឱ្យដឹងថា សេដ្ឋកិច្ចហ្វីលីពីនបានកើនឡើង៦.៨ភាគរយ នៅឆ្នាំ២០១៦ ដែលនេះគឺជាកំណើនលឿនបំផុត នៅក្នុងចំណោមប្រទេសជាសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន (ASEAN)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចនេះដែរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលេខាធិការផែនការវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក Ernesto Pernia បានគូសបញ្ជាក់ថា «កំណើនសេដ្ឋកិច្ចនៅពេលនេះ គឺជាគោលដៅមួយរបស់រដ្ឋាភិបាលហ្វីលីពីន ដែលចង់សម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងអាត្រាពី៦.០ភាគរយដល់៧.០ ភាគរយសម្រាប់ឆ្នាំ២០១៦។ បន្ថែមពីលើនេះវាក៏បានជម្រុញកំណើនផលិតផលក្នុងស្រុកសរុប GDP ផងដែរដល់ទៅ៦.៣ភាគរយ នៃអាត្រាខ្ពស់បំផុតចាប់តាំង ពីឆ្នាំ១៩៧៨មក»។
គួរបញ្ជាក់ថាបើតាមលោក Ernesto Pernia សេដ្ឋកិច្ចហ្វីលីពីនមានកំណើន ៦.៦ភាគរយនៅក្នុងត្រីមាសកន្លងទៅកាលពីឆ្នាំ២០១៦ ហើយតាមរយៈកំណើននេះ ហ្វីលីពីនអាចនឹងកា្លយជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតលេខរៀងទី៣ឬទី៤ នៅក្នុងតំបន់អាស៊ីសម្រាប់ត្រីមាសទី៤ បន្ទាប់ពីចិនដែលមានកំណើនសេដ្ឋកិច្ច ៦.៨ភាគរយ និងវៀតណាម ៦.៧ភាគរយក្នុងឆ្នាំ២០១៦៕