(តូក្យូ)៖ គ្រោះរញ្ជួយផែនដីកំរិត៥.១រ៉ិចទ័រ បានវាយប្រហារក្បែរឆ្នេរនៃខេត្ត Iwate Prefecture ដែលស្ថិតនៅភាគឦសានប្រទេសជប៉ុនជាមួយនិងជម្រៅ៣០គីឡូម៉ែត្រពីក្រោមបាតសមុទ្រ នៅម៉ោង៥៖០៦នាទីល្ងាច (ពេលវេលានៅទីក្រុងតូក្យូ)។ នេះបើតាមព័ត៌មានពីទីភ្នាក់ងារព្យាការណ៍អាកាសធាតុ ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាទីភ្នាក់ងារឧតុនិយមជប៉ុន JMA ពុំបានចេញសារព្រមានអំពីរលកយក្សស៊ូណាមិ ដែលអាចនឹងបង្កឡើងដោយការញ័ររញ្ជួយខាងលើនោះឡើយ ហើយពេលភ្លាមៗនេះក៏មិនមានសេចក្តីរាយការណ៍ណាមួយស្តីពី ការបំផ្លិចបំផ្លាញ គ្រោះថ្នាក់ និងមនុស្សរងគ្រោះ ដោយគ្រោះធម្មជាតិនេះនៅឡើយដែរ៕