(សេអ៊ូល)៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក James Mattis នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅឯប្រទេសកូរ៉េខាងត្បូងនាសប្តាហ៍ក្រោយនេះ នៅក្នុងការធ្វើដំណើរទៅកាន់បរទេសលើកទីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុននេះ និងការឡើងកាន់តំណែងក្តៅៗរបស់លោកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៦។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្តីការពារជាតិ លោក Han Min-Koo នឹងបើកកិច្ចពិភាក្សាមួយនៅថ្ងៃទី០២ ខែកុម្ភៈ ខាងមុខនេះជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក ដែលត្រូវបានកំណត់ពេលវេលាថា នឹងមកបំពេញដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ រហូតដល់ថ្ងៃទី០៣ ខែកុម្ភៈ។ ក្រសួងដដែលបានលើកឡើងទៀតថា ដំណើរមកកាន់ប្រទេសកូរ៉េខាងត្បូងរបស់លោក James Mattis ឆ្លុះបញ្ជាំងឲ្យឃើញអំពីសារៈសំខាន់នៃឧបទ្វីបកូរ៉េ និងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងដ៏រឹងមាំ ព្រមទាំងការប្តេជ្ញាយ៉ាងមុះមុតរបស់សហរដ្ឋអាមេរិក ចំពោះកិច្ចព្រមព្រៀងទ្វេភាគីស្តីពីវិស័យការពារជាតិ។
គួរបញ្ជាក់ថានៅក្រោយពេលបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូងលោក James Mattis នឹងបន្តដំណើរទៅកាន់ប្រទេសជប៉ុនថែមទៀត ដើម្បីធ្វើការបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃដូចគ្នានៅក្នុងប្រទេស ដែលជាសម្ព័ន្ធមិត្តមួយរបស់ខ្លួនក្នុងចំណោមសម្ព័ន្ធមិត្តទាំងពីរនៃតំបន់អាស៊ីឦសាន៕