(រ៉ូម)៖ ក្រុមអ្នកជួយសង្រ្គោះអ៊ីតាលី បានឱ្យដឹងថាសាកសពមនុស្សពីរនាក់ចុងក្រោយ ត្រូវបានទាញចេញពីគំនរនៃអគារសណ្ឋាគារឈ្មោះ Rogopiano ដែលបានបាក់រលំដោយសារផ្ទាំងព្រិលទឹកកកបាក់សង្កត់ នៅឯតំបន់ Abruzzo ក្រោយគ្រោះធម្មជាតិរញ្ជួយផែនដីកំរិត៥.៤រ៉ិចទ័រ បានវាយប្រហារតំបន់ក្បែរទីក្រុងរ៉ូម។ បច្ចុប្បន្នចំនួនអ្នកស្លាប់កើនដល់២៩នាក់ និង១១នាក់ផ្សេងនៅរស់រានមានជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរអ៊ីតាលី គ្រោះធម្មជាតិរញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ បានវាយប្រហារចំទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី ហើយការញ័ររញ្ជួយកំរិតបង្គួរនេះបានជះឥទ្ធិពល ដល់តំបន់មួយចំនួនទៀតរួមមាន Lazio, Abruzzo, និង Marche ផងដែរ។ គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណជា១០៖២៥នាទី ព្រឹកថ្ងៃពុធសប្តាហ៍មុននេះ (ម៉ោងនៅក្នុងទីក្រុងរ៉ូម) ស្ថិតនៅចម្ងាយ១១១គីឡូម៉ែត្រភាគឦសានទីក្រុងរ៉ូម ជាមួយនឹងជម្រៅដ៏រាក់គឺត្រឹម១០គីឡូម៉ែត្រនៅក្រោមផ្ទៃដីតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមរដ្ឋអាជ្ញាអ៊ីតាលីបានបើកការស៊ើបអង្កេតលើសោកនាដកម្មនេះហើយ ត្បិតបើតាមសេចក្ដីរាយការណ៍មួយចំនួន ភ្ញៀវទាំងអស់មានបំណងចង់ចាកចេញពីសណ្ឋាគារខាងលើ ក៏ប៉ុន្តែច្រកផ្លូវជាច្រើនត្រូវបិទដោយសារព្រិល៕