(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ទីក្រុងតូក្យូ អាចនឹងធ្វើកិច្ចចរចាទ្វេភាគីជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ស្ដីពីការធ្វើពាណិជ្ជកម្មសេរី បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នោះមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
សម្រាប់លោក ដូណាល់ ត្រាំ កិច្ចព្រមព្រៀង TPP បានលួចការងារ និងការវិនិយោគពីសហរដ្ឋអាមេរិក។ ដូច្នេះហើយទើបកាលពីថ្ងៃចន្ទកន្លងទៅ លោកបានបំពេញ ពាក្យសន្យាតាមរយៈការចុះហត្ថាលេខាលើបទបញ្ជាប្រធានាធិបតី ដោយអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP ខណៈក្រុមអ្នកជំនាញ មួយយល់ថា ការសម្រេចចិត្តបែបនេះនឹងធ្វើឱ្យមហាអំណាចមួយនេះឃា្លតឆ្ងាយពីសម្ព័ន្ធមិត្តនៅអាស៊ី ស្របពេលដែលចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងតំបន់។
ទោះបីជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅចំពោះមុខសភាជាតិថា «ជប៉ុននឹងនៅតែបន្តទទួលស្គាល់ពីការចូលរួមដ៏មានសារៈសំខាន់របស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចព្រមព្រៀង TPP។ ក៏ប៉ុន្តែវាមិនមែនមានន័យថា គ្មាន TPP យើងមិនអាចធ្វើកិច្ចចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច (EPA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហរដ្ឋអាមេរិកនោះឡើយ»។
គួរបញ្ជាក់ថាសមាជិក១១ផ្សេងទៀតនៃកិច្ចព្រមព្រៀង TPP ដូចជា ជប៉ុន អូស្ត្រាលី នូវែលសេឡង់ កាណាដា ព្រុយណេ ឈីលី ម៉ាឡេស៊ី មិចស៊ីកូ ប៉េរូ សិង្ហបុរី និងវៀតណាមត្រូវបានគេរំពឹងថានឹងជួបពិភាក្សាគ្នានៅខែមីនាខាមុខនេះ ដើម្បីសាកល្បងជួយសង្រ្គោះកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនេះ៕