(ហ្សាកាតា)៖ ជនជាតិឥណ្ឌូណេស៊ី០៥នាក់ ត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានកោះបាលី (Bali) នៅថ្ងៃពុធម្សិលមិញ បន្ទាប់ពីបានធ្វើដំណើរតាមជើងហោះហើរមួយមកពីតួកគីជាទីដែលពួកគេត្រូវបានបណ្ដេញមកកាន់ឥណ្ឌូណេស៊ីវិញ សម្រាប់ការព្យាយាមចូលរួមប្រយុទ្ធជាមួយក្រុម ISIS នៅក្នុងប្រទេសស៊ីរី។ នេះបើតាមសារព័ត៌មាននៅក្នុងស្រុក Tempo ដកស្រង់សម្ដីដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាន Tempo ជនជាតិឥណ្ឌូណេស៊ីខាងលើមានស្ត្រី០២នាក់ និងបុរស០៣នាក់ត្រូវបានអាជ្ញាធរតួកគីចាប់ខ្លួននៅក្នុងផ្ទះមួយកាលពីថ្ងៃទី១៦ ខែមករាកន្លងទៅ ខណៈអ្នកនាំពាក្យប៉ូលិសឥណ្ឌូណេស៊ីនៃកោះបាលី លោក Hengky Widjaja ក៏បានឱ្យដឹងដែរថា ពួកគេទំាងនេះបានចាកចេញពីឥណ្ឌូណេស៊ី កាលពីខែសីហា ឆ្នាំ២០១៦ ដោយធ្វើដំណើរកាត់តាមប្រទេសថៃដើម្បីឆ្ពោះបន្តទៅកាន់ប្រទេសតួកគី។
លោក Hengky បានបន្ថែមថា «ជនជាតិឥណ្ឌូណេស៊ីទំាង០៥នាក់នេះ មិនបានធ្វើដំណើរតាមជើងហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសតួកគីនោះទេ ពោលដើម្បីបង្វែរការតាមដានពួកគេបានធ្វើដំណើរកាត់តាមប្រទេសថៃទៅកាន់ទីក្រុងអ៊ីស្ដង់ប៊ូលតាមជើងហោះហើរ នៃក្រុមហ៊ុនអាកាសចរណ៍ Turkey Airlines ដោយមានការរៀបចំ និងផ្ដល់ជំនួយពីសំណាក់ខ្សែបណ្ដាញក្រុម ISIS នៅក្នុងតំបន់»។
គួររំលឹកថាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប៉ូលិសឥណ្ឌូណេស៊ី ក៏បានចាប់ខ្លួនមនុស្ស១៧នាក់ផងដែរ នៅឯអាកាសយានដ្ឋានក្នុងទីក្រុងហ្សាការតា ក្រោមបទសង្ស័យថាបានព្យាយាមចូលរួមជាមួយក្រុម ISIS។ ក៏ប៉ុន្តែអ្នកទាំងនេះត្រូវបានដោះលែងវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីគ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រាន់៕