(មិចស៊ីកូ)៖ ប្រធានាធិបតីមិចស៊ីកូ លោក អេនរីគ ផេណា នាតូ (Enrique Pena Nieto) បានបញ្ជាក់ជាថ្មីម្ដងទៀតថា «យើងនឹងមិនចេញថ្លៃសាងសង់ ជញ្ជាំងព្រំដែនរបស់លោក ដូណាល់ ត្រាំ នោះទេ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក ផេណា នាតូ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយផ្ញើជូនជនរួមជាតិ ដោយលោកក៏បានសម្ដែងការសោកស្ដាយផងដែរ ចំពោះគំរោងសាងសង់ជញ្ជាំងព្រំដែន ហើយថាប្រជាជនមិចស៊ិកកូមិនជឿជាក់ និងមិនចង់បានជញ្ជាំងនេះឡើយ។ លោក ផេណា នាតូ បានលើកឡើងដូច្នេះថា «ខ្ញុំបាននិយាយដដែលៗជាច្រើនលើកថា មិចស៊ីកូនឹងមិនចេញថ្លៃចំណាយលើការសាងសង់ជញ្ជាំងណាមួយនោះទេ (...) ហើយក្នុងនាមជាប្រធានាធិបតី ខ្ញុំសូមធានានិងទទួលខុសត្រូវទាំងស្រុងក្នុងការការពារផលប្រយោជន៍របស់មិចស៊ីកូ និងប្រជាជនមិចស៊ីកូ»។
គួរបញ្ជាក់ថាលោក ផេណា នាតូ នៅក្នុងសុន្ទរកថានោះដែរមិនបានលើកឡើងពីការលុបចោល ឬពន្យាពេលការបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៣១ ខែមករាខាងមុននេះនោះទេ ហើយជាងនេះទៅទៀត លោកក៏មិនបានបង្ហាញ ឬក៏ចាត់វិធានការឆ្លើយតបទៅនឹងគំរោងសាងសង់ជញ្ជាំងព្រំដែនរបស់លោក ដូណាល់ ត្រាំ នោះដែរ។ មុននេះបន្តិចប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ បានបញ្ជាក់ពីជំហរផ្លូវការរបស់ខ្លួនតែម្តង ទៅលើគំរោងកសាងជញ្ជាំងព្រំដែនដោយលោកទាមទារឲ្យប្រទេសមិចស៊ីកូ «ចេញថ្លៃកសាងឲ្យបាន១០០%ពេញតែម្តង» ចំពោះគំរោងទាំងមូល៕