(មិចស៊ីកូ)៖ ប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ នៅពេលនេះបានបញ្ជាក់ពីជំហរផ្លូវការរបស់ខ្លួនតែម្តងទៅលើគំរោងកសាងជញ្ជាំងព្រំដែន ដោយលោកទាមទារឲ្យប្រទេសមិចស៊ីកូ «ចេញថ្លៃកសាងឲ្យបាន១០០%ពេញតែម្តង» ចំពោះគំរោងទាំងមូល។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
នៅថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដែលទើបឡើងកាន់តំណែងក្តៅៗ បានសម្រេចចេញនូវវិធានការណ៍ដាច់ណាត់បំផុត ដែលបង្កកំពុងឲ្យប្រទេសមិចស៊ិកូ ទាំងបក្សកាន់អំណាច និងប្រឆាំងក្តៅចិត្តមិនស្ទើរនោះឡើយ។ បន្ថែមពីការទាមទារឲ្យមិចស៊ីកូចេញលុយទាំងស្រុងនោះ លោក ដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា «ជញ្ជាំងព្រំដែនត្រូវតែរបាំងរារាំងមិនឲ្យមានការឆ្លងកាត់បាន» ដែលនឹងត្រូវចំណាយអស់ប្រាក់រាប់ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា មេដឹកនាំគណបក្សប្រឆាំងរបស់មិចស៊ីកូ លោក អាន់ដ្រេស ម៉ាញូអែល ឡូប៉េស អូប្រាដ័រ បានជំរុញឱ្យរដ្ឋាភិបាលបច្ចុប្បន្នដាក់ពាក្យបណ្ដឹងប្ដឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់អង្គការសហប្រជាជាតិ សម្រាប់គំរោងសាងសង់ជញ្ជាំងជាប់ព្រំដែនជាមួយមិចស៊ីកូ ដើម្បីទប់ស្កាត់លំហូរចូលជនភៀសខ្លួនខុសច្បាប់ ចូលក្នុងទឹកដីសហរដ្ឋអាមេរិក។ មេបក្សប្រឆាំងរូបនេះបានចាត់ទុកថា គំរោងសាងសង់ជញ្ជាំងព្រំដែនរបស់ លោក ដូណាល់ ត្រាំ ដែលមានបណ្ដោយ ៣,២០០គីឡូម៉ែត្រជាប់ព្រំដែនជាមួយមិចស៊ីកូ គឺជាការប្រមាថមួយមកលើប្រទេសរបស់លោក៕