(មិចស៊ិកកូ)៖ មេដឹកនាំគណបក្សប្រឆាំងរបស់មិចស៊ីកូ លោក អាន់ដ្រេស ម៉ាញូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បានជំរុញឱ្យរដ្ឋាភិបាលបច្ចុប្បន្នដាក់ពាក្យបណ្ដឹងប្ដឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់អង្គការសហប្រជាជាតិ សម្រាប់គំរោងសាងសង់ជញ្ជាំងជាប់ព្រំដែនជាមួយមិចស៊ីកូ ដើម្បីទប់ស្កាត់លំហូរចូលជនភៀសខ្លួនខុសច្បាប់ ចូលក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
ប្រតិកម្មរបស់លោក អាន់ដ្រេស ធ្វើឡើងនៅក្នុងពិធីជួបជុំអ្នកគ្រាំទ្រនៅឯភាគខាងជើងទីក្រុងមិចស៊ីកូ នៅថ្ងៃពុធ។ ថ្លែងនៅក្នុងឱកាសនោះដែរ មេបក្សប្រឆាំងរូបនេះបានចាត់ទុកថា គំរោងសាងសង់ជញ្ជាំងព្រំដែនរបស់ លោក ដូណាល់ ត្រាំ ដែលមានបណ្ដោយ ៣,២០០គីឡូម៉ែត្រជាប់ព្រំដែនជាមួយមិចស៊ីកូ គឺជាការប្រមាថមួយមកលើប្រទេសរបស់លោក។ លោក អាន់ដ្រេស បានលើកឡើងដូច្នេះថា «ខ្ញុំសូមស្នើដោយក្ដីគោរពឱ្យរដ្ឋាភិបាល មិចស៊ីកូ ដាក់ពាក្យប្ដឹងរដ្ឋាភិបាលអាមេរិក ទៅកាន់អង្គការសហប្រជាជាតិ ចំពោះការរំលោភសិទ្ធិមនុស្ស និងការរើសអើងជាតិសាសន៍ពាក់ព័ន្ធនឹងគំរោង សាងសង់ជញ្ជាំងព្រំដែន ដែលជាការប្រមាថមួយយ៉ាងពិតប្រាកដមកលើប្រទេសរបស់យើង»។
គួរបញ្ជាក់ថាអតីតអភិបាលក្រុងមិចស៊ីកូ លោក អាន់ដ្រេស ម៉ាញូអែល ឡូប៉េស អូប្រាដ័រ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងការស្ទង់មតិជាច្រើន ហើយលោកក៏ជាបេក្ខភាពម្នាក់ ដែលគេរំពឹងថាអាចនឹងឈ្នះនៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៅខែកក្កដា ឆ្នាំ២០១៨ផងដែរ៕