(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងបើកការស៊ើបអង្កេតមួយស្ដីពីភាពមិនប្រក្រតី (ការបន្លំសន្លឹកឆ្នោត) ដែលត្រូវបានមតិជាច្រើនអះអាងថាបានកើតមាននៅក្នុងអំឡុងពេលបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈរូបលោកផ្ទាល់បានអះអាងថា សន្លឹកឆ្នោតរាប់លានសន្លឹកត្រូវបានបន្លំ និងខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញ Twitter ផ្ទាល់ខ្លួនរបស់លោកដូច្នេះថា «ខ្ញុំនឹងស្នើឱ្យមានការស៊ើបអង្កេតមួយជុំវិញការបន្លំសន្លឹកឆ្នោត ក្នុងនោះរួមមានទាំងការចុះឈ្មោះបោះឆ្នោត ដោយខុសច្បាប់នៅក្នុងរដ្ឋចំនួនពីរ ក៏ដូចជាអ្នកស្លាប់តែមានឈ្មោះបោះឆ្នោត... ហើយផ្អែកលើលទ្ធផលយើងនឹងពង្រឹងនីតិវីធីបោះឆ្នោតរបស់យើងឡើងវិញ»។
គួររំលឹកថានៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ បានចាញ់លោកស្រី ហ៊ីលឡារី គ្លីនតុន ដល់ទៅជាង២,៩លានសំឡេងនៃការបោះឆ្នោតគាំទ្រពីសំណាក់ប្រជាជនអាមេរិក។ ក៏ប៉ុន្តែលោក ត្រាំ បានអះអាងដោយហេតុផលផ្ទាល់ខ្លួនលោកថា សំឡេងឆ្នោតគាំទ្រលោកស្រី គ្លីនតុន ប្រមាណ០៥លានសំឡេងគឺខុសច្បាប់៕