(គុយវ៉ែត)៖ ប្រទេសគុយវ៉ែតបានកាត់ទោសប្រហារជីវិត ដោយព្យួរ-កអ្នកទោសចំនួន០៧នាក់ក្នុងនោះរួមមានទាំងព្រះអង្គម្ចាស់នៃខ្សែរាជវង្ស Al-Sabah នៅឯពន្ធនាគារមួយកន្លែង ស្ថិតនៅភាគកណ្ដាលនៃប្រទេស ហើយដែលនេះគឺជាការកាត់ទោសប្រហារជីវិតលើកដំបូងបំផុតគិតចាប់ តាំងពីខែមិថុនា ឆ្នាំ២០១៣មក។ នេះបើតាមសារព័ត៌មានក្នុងស្រុក Kuna ដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
សារព័ត៌មាន Kuna បានឱ្យដឹងដែរថា ព្រះម្ចាស់ ហ្វៃសាល់ អាប់ឌុលឡាហ៍ អាល់ ចាប៊ឺ អាល់សាបាស់ (Faisal Abdullah Al-Jaber Al-Sabah) ត្រូវបានតុលាការផ្ដន្ទាទោសប្រហាជីវិតកាលពីឆ្នាំ២០១០ ពីបទសម្លាប់ក្មួយប្រុស និងព្រះអង្គម្ចាស់ម្នាក់ផ្សេងទៀត។ Kuna បញ្ជាក់ដូច្នេះថា «បទឧក្រិដ្ឋដែល ទ្រង់ ហ្វៃសល់ អាប់ឌុលឡាហ៍ បានប្រព្រឹត្តគឺជាអំពើមនុស្សឃាតគិតទុកជាមុន និងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។
គួរបញ្ជាក់ថាអ្នកទោស០៦នាក់ផ្សេងទៀត ក៏មានស្ត្រីជាជនជាតិគុយវ៉ែតម្នាក់ផងដែរ ហើយសម្រាប់០៥នាក់ទៀតគឺរួមមានបុរស០៣នាក់ និងស្រ្តី០២នាក់មកពីប្រទេសបង់ក្លាដែស អេត្យូពី ហ្វីលីពីន និងអេហ្ស៊ីប ដែលសុទ្ធតែត្រូវបានផ្ដន្ទាទោសប្រហារជីវិតពីបទមនុស្សឃាតដូចគ្នា៕