(ហ្គាំប៊ី)៖ ប្រធានាធិបតីហ្គាំប៊ី លោក Adama Barrow ដែលបានចំណាយពេលស្នាក់នៅក្នុងប្រទេសសេណេហ្គាល់ ចាប់តាំងពីថ្ងៃ១៥ ខែមករា គ្រោងនឹងវិលចូលស្រុកកំណើតវិញនៅរសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងប្រទេសហ្គាំប៊ី)។ នេះបើតាមទីប្រឹក្សាប្រធានាធិបតីហ្គាំប៊ី លោក Mai Fatty ដកស្រង់សម្ដីដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
យោងតាមលោក Mai Fatty លោក Adama Barrow នឹងធ្វើដំណើរត្រឡប់ទៅដល់រដ្ឋធានី Banjul ប្រទេសហ្គាំប៊ីវិញ នៅពេលរសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅតំបន់អាហ្វ្រិកខាងលិច)។ ដោយឡែកទន្ទឹមគ្នានោះ ប្រភពពីប្រធានាធិបតីសេណេហ្គាល់ក៏បានអះអាងដែរថា ព័ត៌មាននេះគឺជាការពិត ហើយថែមទាំងបញ្ជាក់ទៀតថា ប្រសិនបើមានការផ្លាស់ប្ដូរកម្មវិធីធ្វើដំណើររបស់លោក Adama Barrow នោះនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយប្រធានាធិបតីហ្គាំប៊ី លោក Adama Barrow ផ្ទាល់មិនទាន់បានទទួលស្គាល់ជាផ្លូវការនូវព័ត៌មាននេះនៅឡើយទេ។
រំលឹកកាលពីដើមសប្តាហ៍នេះ កងកម្លាំងយោធាក្នុងតំបន់អាហ្វ្រិកខាងលិច បានចូលទៅដល់រដ្ឋធានី Banjul នៃប្រទេសហ្គាំប៊ីហើយ ដោយគ្រប់គ្រងវិមានប្រធានាធិបតីនៅថ្ងៃអាទិត្យ ម្សិលមិញតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់អតីតប្រធានាធិបតីលោក Yahya Jammeh យល់ព្រមប្រគល់អំណាច និងចាកចេញពីប្រទេសកាលពីយប់ថ្ងៃសៅរ៍ ឆ្ពោះទៅកាន់ប្រទេសហ្គីណេ។
កងកម្លាំងយោធាមកពីសហគមន៍សេដ្ឋកិច្ចនៃបណ្ដារដ្ឋអាហ្រ្វិកខាងលិច ឬ Ecowas បានជួបឧបសគ្គបន្តិចបន្ដួច នៅពេលព្យាយាមសម្រុកចូលវិមានប្រធានាធិបតីដោយសារតែក្រុមអង្គរក្សរបស់លោក Yahya Jammeh បានដាក់របាំងការពារ។ ការប៉ះទង្គិចដោយអាវុធពុំ ត្រូវបានគេរាយការណ៍ឡើយ រីឯយោធាហ្គាំប៊ីម្នាក់បាននិយាយថា «នៅទីនេះគ្មានបញ្ហាអ្វីទេ»។
ជាងនេះទៅទៀត ប្រជាជនហ្គាំប៊ី នៅក្នុងរដ្ឋធានី Banjul ក៏បានអបអរសារទរផងដែរ ចំពោះការយល់ព្រមប្រគល់អំណាចទៅឱ្យ ប្រធានាធិបតីហ្គាំប៊ីថ្មី លោក Adama Barrow ដែលកំពុងស្ថិតនៅក្នុងប្រទេសសេណេហ្គាល់។ ក៏ប៉ុន្តែទន្ទឹមគ្នានឹងការអបអរនេះទីប្រឹក្សាលោក Barrow បានអះអាងថា ថវិកាជាតិជាង ១១លានដុល្លារអាមេរិក បានបាត់ចេញពីរតនាគារជាតិ បន្ទាប់ពីលោក Yahya Jammeh ចាកចេញពីប្រទេស។
គួរបញ្ជាក់ថា វិបត្តិនយោបាយនៅក្នុងប្រទេសហ្គាំប៊ី បានកើតឡើង ក្រោយពីលោក Jammeh បដិសេធមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតដែលលោកបាន ចាញ់លោក Barrow កាលពីខែធ្នូ ឆ្នាំ២០១៦៕