(សេអ៊ូល)៖ អតីតមន្ត្រីទូតជាន់ខ្ពស់របស់កូរ៉េខាងជើង ដែលបានរត់ចេញពីស្ថានទូតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មកសុំសិទ្ធិជ្រកកោណនៅកូរ៉េខាងត្បូងនោះ បានបន្តធ្វើការបកអាក្រាតទៅលើរបបដឹកនាំរបស់លោក គីម ជុនអ៊ុន ដោយលើកនេះលោកបានអះអាងថា មន្ត្រីកំពូលៗជាច្រើននៅកូរ៉េខាងជើង មិនពេញចិត្តនឹងការដឹកនាំរបស់បុរសវ័យក្មេងជំនាន់ទីបីរូបនេះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
លោក ថែ យ៉ុងហូ ដែលបានរត់មកជ្រកកោណនៅកូរ៉េខាងត្បូងតាំងពីខែសីហា ឆ្នាំ២០១៦នោះ បានប្រាប់សារព័ត៌មានបរទេសជាលើកដំបូងនៅថ្ងៃពុធនេះថា «ពេលលោក គីម ជុងអ៊ុន ឡើងកាន់អំណាចដំបូងខ្ញុំមានក្តីសង្ឃឹមខ្ពស់ណាស់ថា លោកនឹងធ្វើការសម្រេចចិត្តដោយសមហេតុផល និងត្រឹមត្រូវដើម្បីទាញប្រទេសកូរ៉េខាងជើងចាកចេញពីភាពក្រីក្រ ប៉ុន្តែមិនយូរប៉ុន្មានខ្ញុំក៏ធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹម ដោយបានមើលឃើញគាត់ ដកដាក់មន្ត្រីនានាដោយគ្មានហេតុផល»។
លោក ថែ បានបន្តទៀតយ៉ាងដូច្នេះថា «ជាក់ស្តែងការរិះគន់ ឬការខ្វែងគំនិតគ្នាក្នុងរបបនេះគឺមានកម្រិតទាប ប៉ុន្តែនៅពេលពេលនេះវាបានក្លាយជារឿងញឹកញាប់បន្ថែមទៀត។ យើងត្រូវតែស្រោចសាំងទៅលើប្រទេសកូរ៉េខាងជើង ហើយអនុញ្ញាតឲ្យប្រជាជនដុតភ្លើងឡើងតែម្តង»។ គួរបញ្ជាក់ថាចាប់តាំងពីការរត់ភៀសខ្លួនមកកាន់កូរ៉េខាងត្បូង លោក ថែ បានធ្វើសន្និសីទសារព័ត៌មានពីពីរទៅបីលើកហើយ ដោយមានបកអាក្រាតរឿងរ៉ាវជាច្រើននៃរបបដឹកនាំរបស់កូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាងហាក់មិនបានបង្ហាញប្រតិកម្មតបតវិញនោះទេ៕