(ម៉ូស្គូ)៖ កងយោធាប្រដាប់អាវុធរុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់នូវកូនយន្តហោះដ្រូន (Drone) ជំនាន់ថ្មី ដែលមានសមត្ថភាពផ្ញើសារជាអក្សរ សំឡេង ក៏ដូចជាវីដេអូ រួមជាមួយនិងប្រព័ន្ធធ្វើសង្គ្រាមអេឡិចត្រូនិច RB-341V "Leer-3" ខណៈពេលដែលស្ថានការណ៍សន្តិសុខជាមួយអឺរ៉ុប នៅតែមិនទាន់ប្រសើរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
កូនយន្តហោះថ្មីខាងលើត្រូវបានកែច្នៃ ដើម្បីបង្កើនសមត្ថភាពដោយផ្អែកលើកូនយន្តហោះជំនាន់ចាស់ Orlan-10 ដែលធ្លាប់ជាផ្នែករបស់ប្រព័ន្ធ Leer-3 ដូចគ្នា។ ការធ្វើតេស្តសាកល្បងនៃកូនហោះទាំងនេះ ត្រូវបានបញ្ចប់រួចរាល់ហើយ ខណៈប្រព័ន្ធ Leer-3 ក៏ត្រូវបានធ្វើតេស្តផងដែរនៅក្នុងប្រទេសស៊ីរី ហើយកងយោធាប្រដាប់អាវុធរុស្ស៊ី នឹងទទួលបានកូនយន្តហោះជំនាន់ថ្មីនៅក្នុងឆ្នាំ២០១៧នេះ។ បច្ចុប្បន្នពួកវាអាចផ្ញើសារជាអក្សរនិងសំឡេងបាន ប៉ុន្តែនៅពេលឆាប់ៗខាងមុខការផ្ញើសារជាខ្សែវីដេអូ នឹងត្រូវដាក់បញ្ចូលបន្ថែមទៅក្នុងសមត្ថភាពកូនយន្តហោះ។
គួរបញ្ជាក់ថាប្រព័ន្ធធ្វើសង្រ្គាមអេឡិចត្រូនិច RB-341V "Leer-3" រួមមានកូនយន្តហោះដ្រូនចំនួនបីគ្រឿង ហើយមុខងារចម្បងរបស់ពួកវាគឺបង្កភាពរាំងស្ទះរលកសញ្ញានៃគ្រប់អង់តែនទំនាក់ទំនង និងបំពាក់ដោយឧបករណ៍បន្ទុចបង្អាក់ និងឧបករណ៍បញ្ចូនសញ្ញាដ៏ពិសេស៕