(បាងកក)៖ រដ្ឋាភិបាលយោធាថៃ បានអនុម័តលើកញ្ចប់ថវិកាជាតិជាង ១៣.៥ពាន់លានបាត (៣៨០លានដុល្លារអាមេរិក) ដើម្បីទិញនាវាមុជទឹកពីចិន ដែលនេះគឺជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ខណៈទំនាក់ទំនងរវាងថៃ និងសហរដ្ឋអាមេរិកកំពុងមានភាពរកាំរកូស បន្ទាប់ពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤។ នេះបើតាមសម្តីមន្ត្រីយោធាថៃ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
ការបញ្ជាទិញនាវាមុជទឹកពីចិន ត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១៦ ក៏ប៉ុន្តែគំរោងនេះបានប្រឈមមុខនឹងរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជន ក៏ដូចជាសំណួរជាច្រើនដែលចោទសួរថា តើថៃចាំបាច់ដែរឬដែលត្រូវទិញនាវាមុជទឹកពីចិន? ដូច្នេះពាក់ព័ន្ធនឹងគំរោងនេះ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្ដមនាវី Jumpol Loompikanon បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាកិច្ចចរចាជាច្រើនជាមួយរដ្ឋាភិបាលចិន ជិតបញ្ចប់ទាំងស្រុងហើយ រីឯកញ្ចប់ថវិកាជាតិក៏ត្រូវបានបំរុងទុកក្នុងការចំណាយលើនាវាមុជទឹក សម្រាប់រយៈពេល០៦ឆ្នាំដែរ។ លោក Jumpol បន្ថែមថា «នាវាមុជទឹកអាចនឹងអនុញ្ញាតឱ្យកងទ័ពជើងទឹកថៃ រៀនសូត្រពីតាក់ទិច និងពីរបៀបធ្វើសង្រ្គាមនាវាមុជទឹក»។
គួរបញ្ជាក់ថារដ្ឋាភិបាលយោធាថៃ ក៏មានគំរោងទិញរថក្រោះ និងរថពាសដែនចំនួន ១០គ្រឿងបន្ថែមពីលើការបញ្ជាទិញរថក្រោះ២៨គ្រឿងពីចិន កាលពីឆ្នាំ២០១៦ ផងដែរ។ ចិនគឺជាមហាអំណាចតែមួយគត់ ដែលបានទទួលស្គាល់របបយោធាថៃមុនគេ ខណៈសហរដ្ឋអាមេរិកបានបង្កកជំនួយជាង ៤.៧លានដុល្លារទាក់ទិននឹងវិស័យសន្តិសុខ និងការពារជាតិ ឆ្លើយតបទៅរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤៕