(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដ៏ធំជាងគេលើពិភពលោក លោក Mark Zuckerberg បានបដិសេធចោលនូវពាក្យចរចាមអារ៉ាមដែលថា រូបលោកនឹងឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនាពេលអនាគត និងបានទទូចបកស្រាយថា លោកពុំមានបំណងបែបនេះឡើយ។ នេះបើតាមការចេញផ្សាយដោយគេហទំព័របច្ចេកវិទ្យា Tech 2 នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាន Buzzfeed លោក Mark Zuckerberg បានឆ្លើយតបជាមួយនិងចម្លើយថា «ទេ» នៅពេលដែលត្រូវបានចោទសួរថា តើរូបលោកមានផែនការចង់ឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីនៅពេលអនាគតដែរ ឬយ៉ាងណានោះ។ លោក Zuckerberg បាននិយាយដូច្នេះទៀតថា «ខ្ញុំកំពុងផ្តោតការយកចិត្តទុកដាក់សំខាន់លើ ការកសាងសហគមន៍របស់យើងនៅក្នុងហ្វេសប៊ុក ដែលកំពុងតែរីកចំរើនកាន់តែខ្លាំងឡើង និងគំរោងផ្តួចផ្តើម Chan Zuckerberg ដែលលោក និងភរិយា Priscilla Chan បានរួមបង្កើតឡើងដើម្បីធ្វើការបណ្តាក់ទុនវិនិយោគ ក្នុងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងភាពជាអ្នកដឹកនាំ»។
ម៉្យាងវិញទៀតប្រភពដែលជិតស្និទ្ធនឹងលោក Zuckerberg បានបញ្ជាក់ថា ស្ថាបនិកហ្វេសប៊ុករូបនេះក៏បានច្រានចោលពាក្យចរចាមអារ៉ាមនេះជាលក្ខណៈឯកជនផងដែរ ដោយនិយាយយ៉ាងដូច្នេះថា «វាពុំមានធាតុពិតជាក់ស្តែងនៅក្នុងគំនិតដែលថា Mark នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកឡើយ ហើយខ្ញុំបានលឺការបដិសេធដោយផ្ទាល់ចេញពីមាត់របស់លោក Mark»។
គួរបញ្ជាក់ថានៅដើមខែមករាកន្លងទៅនេះ មានពាក្យចរចាមអារ៉ាមលេចលឺនៅលើបណ្តាញអ៊ីនធឺណែតថា លោក Mark Zuckerberg ដែលជាស្ថាបនិកក៏ដូចជានាយកប្រតិបត្តិរបស់ហ្វេសប៊ុក អាចនឹងប្រកាសពីការឈរឈ្មោះប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃអនាគត ប៉ុន្តែពេលនេះអ្នករាល់គ្នាអាចជម្រះនូវមន្ទិលសង្ស័យបានហើយថា វាមិនពិតនោះឡើយ៕