(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅថ្ងៃពុធ (ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន) ដើម្បីអនុញ្ញាតឲ្យចាប់ផ្តើមការសាងសង់ជញ្ជាំងព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ីកូ សំដៅលុបបំបាត់ជនភៀសខ្លួនខុសច្បាប់ឲ្យអស់ពីទឹកដីអាមេរិក។ នេះបើតាមសម្តីរបស់មន្រ្តីដែលជិតស្និទ្ធនឹងបញ្ហានេះ ដែលដកស្រង់ដោយសារព័ត៌មាន Washington Post នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter នាយប់ថ្ងៃអង្គារថា «ថ្ងៃស្អែកគឺជាថ្ងៃពិសេសពាក់ព័ន្ធនឹងគំរោងបញ្ហាសន្តិសុខជាតិ ដោយនៅក្នុងចំណោមរឿងផ្សេងៗទៀត យើងនឹងធ្វើការសាងសាង់ជញ្ជាំង»។ ទោះបីជាបែបនេះក្តី លោក ត្រាំ តាំងពីអំឡុងឃោសនាបោះឆ្នោតមកម្ល៉េះបានធ្វើការបញ្ជាក់ថា ជញ្ជាំងព្រំដែនត្រូវតែកសាង ហើយរដ្ឋាភិបាលម៉ិចស៊ីកូគឺជាអ្នកចេញលុយ ប៉ុន្តែម៉ិចស៊ីកូមិនបានស្របតាមការលើកឡើងបែបនោះឡើយ។
គួរបញ្ជាក់ថាការបោះជំហាននេះតំណាងឲ្យកិច្ចខិតខំប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ក្នុងការបំពេញពាក្យសន្យាដែលបានជួយជំរុញយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយលោក ត្រាំ តែងតែមានជំនឿជាក់ថា ការធ្វើអន្តោប្រវេសន៍ខុសច្បាប់កំពុងស្ថិតនៅក្នុងសភាព ដែលគ្រប់គ្រងលែងបានទៀតហើយ និងព្រមទាំងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខ និងសុវត្ថិភាពរបស់សហរដ្ឋអាមេរិក៕