(ញូយ៉ក)៖ អង្គការសហប្រជាជាតិបានថ្កោលទោសអ៊ីស្រាអែល សម្រាប់ការធ្វើសកម្មភាពអាណានិគម តាមរយៈគំរោងសាងសង់លំនៅឋានបន្ថែម នៅឯតំបន់ដែនដីប៉ាឡេស្ទីន West Bank ហើយដែលគំរោងនេះត្រូវបានប្រកាសចេញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដោយនៅក្នុងកិច្ចសន្ទនានោះដែរ លោក ត្រាំ បានបង្ហាញគោលជំហរគាំទ្រអ៊ីស្រាអែលយ៉ាងពេញទំហឹង រហូតដល់មានព័ត៌មានលេចលឺថា សេតវិមាន កំពុងពិភាក្សាគ្នាលើផែនការផ្លាស់ប្ដូរស្ថានទូតអាមេរិកពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Jerusalem។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
លោក ណឺតាន់យ៉ាហ៊ូ កាលពីថ្ងៃអង្គារម្សិលមិញ បាននិយាយដោយឥតលាក់លៀមថា អ៊ីស្រាអែល ចង់សាងសង់អាគារលំនៅឋាន ២,៥០០ខ្នងបន្ថែមទៀត នៅក្នុងតំបន់អាណានិគមរបស់ជនជាតិជ្វីហ្វ (Jewish) នៅតំបន់ West Bank ដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅឋាន។ ក៏ប៉ុន្តែជុំវិញគំរាងនេះដែរ អង្គការសហប្រជាជាតិតាមរយៈអ្នកនាំពាក្យ លោក Stephane Dujarric បានលើកឡើងថាសកម្មភាពឯកតោភាគីបែបនេះ គឺជាឧបសគ្គរារាំងដល់ការស្វែងរកសន្តិភាព ឈរលើមូលដ្ឋានដំណោះស្រាយរដ្ឋចំនួនពីរ។
លោក Dujarric បញ្ជាក់ដូច្នេះថា «សម្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ (លោក Antonio Guterres) គំរោងរបស់អ៊ីស្រាអែលមិនមែនជាផែនការ B ពាក់ព័ន្ធដំណោះស្រាយរដ្ឋចំនួនពីរនោះឡើយ។ ប៉ុន្តែវាគឺជាសកម្មភាពឯកតោភាគី ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង និងគ្រាន់តែជាឧបសគ្គរារាំងដល់ដំណើរការស្វែងរកសន្តិភាពតែប៉ុណ្ណោះ ត្បិតអ្វីដែលចាំបាច់សម្រាប់ភាគីទាំងពីរត្រូវធើ្វនោះគឺការចូលរួមដោយស្មោះត្រង់ ក្នុងកិច្ចចរចាដើម្បីឈានដល់វត្ថុបំណងរដ្ឋពីរ គឺប៉ាឡេស្ទីន និងអ៊ីស្រាអែល ឬរដ្ឋពីរសម្រាប់ប្រជាជនទាំងពីរ»។
គួរបញ្ជាក់ថាក្នុងពេលបច្ចុប្បន្ន ប្រជាជនជ្វីហ្វប្រមាណជា ៥០០,០០០នាក់កំពុងរស់នៅក្នុងអាគារលំនៅឋានជាង១៤០អគារ ចាប់តាំងពីអ៊ីស្រាអែលធ្វើអាណានិគមនៅក្នុងតំបន់ West Bank និងភាគខាងកើតទីក្រុង Jerusalem នៅឆ្នាំ១៩៦៧មក៕