(វ៉ាស៊ីនតោន)៖ ដំបូងឡើយរថយន្តលីម៉ូស៊េរីថ្មីសម្រាប់ប្រធានាធិបតីអាមេរិក នឹងបង្ហាញវត្តមានជាផ្លូវការឲ្យពិភពលោកបានឃើញនៅថ្ងៃស្បថឡើងកាន់តំណែងរបស់ លោក ដូណាល់ ត្រាំ ក៏ប៉ុន្តែរថយន្តលីម៉ូដែលបានដឹកលោកប្រធានាធិបតីអាមេរិកថ្មី នៅក្នុងក្បួនដង្ហែរក្រោយពិធីស្បថកាន់តំណែង គឺជារថយន្តម៉ូដែលចាស់ដែលជាយានជំនិះរបស់លោក បារ៉ាក់ អូបាម៉ា នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះប៉ុណ្ណោះ ហើយលោក ត្រាំ ចាំបាច់ត្រូវបន្តប្រើប្រាស់រថយន្តនេះមួយរយៈពេលទៀតសិន ដោយសារតែរថយន្តប្រធានាធិបតីថ្មីដែលលោក បញ្ជាឲ្យផលិតពុំទាន់សម្រេចហើយរួចរាល់នៅឡើយ។ នេះបើតាមការដកស្រង់ការផ្សាយដោយ Yahoo News នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
ដោយឡែកព័ត៌មានលម្អិតជាក់ច្បាស់អំពីលក្ខណៈពិសេសបន្ថែម ទៅលើរថយន្តដ៏ទំនើប និងរឹងមាំបំផុតដូចជារថពាសដែកនេះ មិនត្រូវបានលាតត្រដាងឲ្យសាធារណជនបានដឹងនិងបានឃើញឡើយ ដោយវាត្រូវបានបិទបាំងយ៉ាងដិតដល់បំផុតដើម្បីលាក់លក្ខណៈពិសេសៗទាំងនោះ ក៏ប៉ុន្តែរថយន្តសម្រាប់មេដឹកនាំកំពូលនៃប្រទេសមហាអំណាចមួយនេះ ត្រូវបានគេសង្ស័យថានឹងមានរូបរាងមិនខុសប្លែកឆ្ងាយពីរថយន្តប្រធានាធិបតីអាមេរិកពីមុនៗប៉ុន្មាននោះទេ។
ចំណែកម៉ូដែលរថយន្ត «The Beast» បច្ចុប្បន្នដែលកំពុងត្រូវបានប្រើប្រាស់ដោយលោក បារ៉ាក់ អូបាម៉ា វិញមានបំពាក់នូវអាវុធទំនើបៗជាច្រើនរួមមាន កន្លែងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើងមួយដើម កញ្ចប់ផ្ទុកប្រភេទឈាមរបស់លោកប្រធានាធិបតី និងបំពង់ស្តុកខ្យល់អុកស៊ីសែនដែលចាំបាច់ក្នុងករណីគ្រោះអាសន្នណាមួយ។
បន្ថែមពីនេះវាត្រូវបានបំពាក់ដោយបន្ទះដែកថែបនៅពីខាងក្រោម ដែលមានសមត្ថភាពការពារអ្នកជិះក្នុងរថយន្តពីគ្រាប់បែកបង្កៃនៅតាមដងវិថី ហើយតួរថយន្តទាំងមូលមានកម្រាស់ប្រមាណ ២០សង់ទីម៉ែត្រនិងទម្ងន់០៨តោន ជាមួយទ្វារព្រមទាំងកញ្ចក់នានាត្រូវបានការពារមិនឲ្យគ្រាប់កាំភ្លើងបាញ់ធ្លុះនោះឡើយ ខណៈផ្ទៃខាងក្នុងនៃរថយន្តទាំងមូលត្រូវបានបិទយ៉ាងជិតឥតចន្លោះផងដែរ ដើម្បីការពារពីការវាយប្រហារដោយអាវុធគីមី។
ម៉្យាងវិញទៀតរថយន្តនេះក៏មានបំពាក់នូវកាមេរ៉ាសម្រាប់មើលពេលយប់ ឧបករណ៍តាមដាន GPS និងប្រព័ន្ធទំនាក់ទំនងផ្កាយរណបថែមទៀតផង ដើម្បីអនុញ្ញាតឲ្យវាអាចដំណើរការបាននៅគ្រប់លក្ខខណ្ឌនិងស្ថានភាពទាំងអស់ និងដើម្បីធានាថាលោកប្រធានាធិបតីស្ថិតក្នុងការទាក់ទងបានជានិច្ច។ រីឯធុងសាំងរបស់រថយន្តនេះត្រូវបានស្រោបដោយលោហៈធាតុការពារយ៉ាងរឹងមាំបំផុត និងមានផ្ទុកនូវសារធាតុម៉្យាងដែលនឹងពង្រីកខ្លួននៅពេលមានការប៉ះទង្គិចណាមួយមិនថាតិច ឬខ្លាំងនោះឡើយ ដែលប្រការហេតុនេះនឹងការពារវាពុំឲ្យផ្ទុះឆេះបាន។ ជាមួយគ្នានេះដែរកង់ទាំងបួនរបស់រថយន្តត្រូវបានទ្រាប់ដោយសរសៃក្រណាត់ (Kelvar) ដ៏ធន់បំផុតដើម្បីការពារពួកវាពីការផ្ទុះបែក ហើយបើសិនជានៅតែបែកទៀតនោះ រថយន្តនេះក៏នៅតែអាចបន្តដំណើរបាន ដោយប្រើប្រាស់ផ្នែកលោហៈដ៏រឹងមាំរបស់ខ្នងកង់ទាំងនោះបានដែរ។
គួរបញ្ជាក់ថារថយន្តលីម៉ូ Cadillac One របស់ប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ នឹងត្រូវយកទៅប្រើប្រាស់ជំនួសរថយន្តចាស់ៗមានរូបរៀងដូចគ្នាបេះបិទចំនួនប្រហែល ១២គ្រឿងដែលលោក បារ៉ាក់ អូបាម៉ា បានប្រើប្រាស់ចាប់តាំងពីឆ្នាំ២០០៩មក ខណៈក្រុមហ៊ុន General Motor ទទួលបានប្រាក់ចំនួន ១៥លានដុល្លារដើម្បីធ្វើការអភិវឌ្ឍរថយន្តប្រធានាធិបតីជំនាន់ថ្មីនេះ៕