(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានសន្យាថាប្រទេសទាំងពីរ នឹងប្រកៀកស្មាគ្នាប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករទាំងអស់នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
យោងតាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ បានបញ្ជាក់ប្រាប់លោក ម៉ូឌី ថាសហរដ្ឋអាមេរិកបានចាត់ទុកឥណ្ឌាជាមិត្ត និងដៃគូដ៏ស្មោះស្ម័គ្រ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយនៅលើពិភពលោក។ បន្ថែមពីលើនេះមេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាស្ដីពីការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរនៅក្នុងវិស័យការពារជាតិ និងសេដ្ឋកិច្ចព្រមទាំងបញ្ហាសន្តិសុខ នៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីកណ្ដាលផងដែរ។
សេចក្ដីថ្លែងការណ៍ខាងលើដដែល ក៏បានឱ្យដឹងដែរថា លោក ដូណាល់ ត្រាំ បានអញ្ជើញ លោក ណារិនដ្រា ម៉ូឌី បំពេញទសន្សកិច្ចមកកាន់សហរដ្ឋអាមេរិក នាពេលដ៏ខ្លីខាងមុខនេះ។ គួរបញ្ជាក់ប្រទេសឥណ្ឌា ដែលមិនសូវត្រូវគ្នាជាមួយនឹងចិនដែលជាប្រទេសជិតខាងនោះ បានឆក់ឱកាសកាន់តែខ្លាំងទៅជិតស្និទ្ធនឹងសហរដ្ឋអាមេរិក ដែលទើបមានមេដឹកនាំថ្មីឡើងកាន់អំណាចគឺលោក ដូណាល់ ត្រាំ៕