(ហ្វាំងឡង់)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានថ្លែងថាពុំមានហេតុផលណាមួយ ក្នុងការដកទណ្ឌកម្មដែលត្រូវបានដាក់ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចេញពីប្រទេសរុស្ស៊ីវិញនោះឡើយ។ នេះបើតាមកាចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Wall Street Journal ថាលោកបានបើកចំហចំពោះការដកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីចេញវិញ។ លោក Petro Poroshenko ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅប្រទេសហ្វាំងឡង់ ក៏បានបន្ថែមដែរថា អ៊ុយក្រែនពិតជារីករាយប្រសិនបើរុស្ស៊ីបំពេញរាល់លក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀង Minsk ដែលត្រូវបានចុះហត្ថលេខាកាលពីខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងប្រទេស Belarus ជាមួយការសម្រុះសម្រួលពីបារាំង និងអាល្លឺម៉ង់ដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់ ព្រមទាំងវិធានការនយោបាយ សេដ្ឋកិច្ច និងសង្គម សំដៅបញ្ចប់ជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto បានបញ្ជាក់គោលជំហររបស់ហ្វាំងឡង់ ចំពោះវិបត្តិនៅអ៊ុយក្រែនជាថ្មីម្តងទៀតដោយអះអាងថា កិច្ចព្រមព្រៀង Minsk គួរតែត្រូវគោរព និងអនុវត្តន៍ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ដែលវាគឺជាលក្ខខណ្ឌចាំបាច់មុនពេលមានការដកទណ្ឌកម្មកើតឡើង។ មួយវិញទៀតលោក Niinisto បានបន្តថារូបលោកមិនបានជឿបន្តិចសោះឡើយថា សហរដ្ឋអាមេរិកនឹងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ហើយលើកទណ្ឌកម្មចេញពីប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៤មក អាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ខ្លូនមួយចំនួនទៀត បានដាក់ទណ្ឌកម្មជាច្រើនទៅលើប្រទេសរុស្ស៊ី ចំពោះការលេបយកតំបន់គ្រីមា និងបទចោទប្រកាន់ដែលថា រដ្ឋាភិបាលទីក្រុងម៉ូស្គូមានជាប់ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន៕