(ប៉េកាំង)៖ សេចក្ដីរាយការណ៍ដែលថាចិនបានដាក់ពង្រាយកងអង្គភាពមួយ ក្នុងចំណោមកងអង្គភាពមីស៊ីលអន្តរទ្វីប Dongfeng-41 (DF-41) ទំាងបីនៅឯតំបន់ភាគខាងជើងខេត្ត Heilongjiang ជាប់តំបន់ព្រំដែនជាមួយរុស្ស៊ី ត្រូវបានអ្នកវិភាគនយោបាយរុស្ស៊ីយល់ឃើញថា ទីក្រុងប៉េកាំងមានបំណង ឆ្លើយតបទៅនឹងការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD ពីសំណាក់សហរដ្ឋអាមេរិក នៅលើទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាន Apple Daily newspaper កងអង្គភាពមីស៊ីលអន្តរទ្វីប DF-41 ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុង Daqinq ខណៈកងអង្គភាពផ្សេងទៀតក៏ត្រូវបានដាក់ពង្រាយផងដែរ នៅឯទីក្រុង Xinyang ស្ថិតក្នុងខេត្ត Henan នៃភាគកណ្ដាលប្រទេសចិន រួមទាំងខេត្ត Xingjiang។ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះដែរអ្នកវិភាគនយោបាយ លោក Alexander Perendzhiev បានគូសបញ្ជាក់ថា «ការដាក់ពង្រាយប្រព័ន្ធមីស៊ីលអន្តរទ្វីប Dongfeng-41 របស់ចិនគឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងទីក្រុងវ៉ាស៊ីនតោន ដែលបានតម្លើងប្រព័ន្ធខែលការពារមីស៊ីលនៅលើទឹកដីជប៉ុន និងកូរ៉េខាងត្បូង។ម្យ៉ាងវិញទៀតបើទោះបីជាសហរដ្ឋអាមេរិក ធ្លាប់បានអះអាងជាច្រើនដងរួចមកហើយថា ការតម្លើងប្រព័ន្ធខែលការពារមីស៊ីល នៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានគោលដៅតែមួយគត់ នោះគឺទប់ស្កាត់មីស៊ីលកូរ៉េខាងជើងក៏ដោយ ក៏វានៅតែបានបង្ហាញច្បាស់ណាស់ថា ទីក្រុងវ៉ាស៊ីនតោនក៏ចង់ប្រើវាដើម្បីប្រឆាំងនឹងមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក៏ដូចជាកំញើញចិន និងរុស្ស៊ីផងដែរ»។
គួរបញ្ជាក់ថា Dongfeng-41 ឬ DF-41 គឺជាប្រភេទមីស៊ីលអន្តរទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបាញ់ចំគោលដៅនៅចំងាយរហូតដល់ទៅ ១៤,០០០គីឡូម៉ែត្រពីទីតាំងបាញ់ចេញរបស់វា៕