(វែលីងតោន)៖ អូស្រ្តាលី និងនូវែលសេឡង់បានបង្ហាញក្តីសង្ឃឹមរបស់ពួកគេក្នុងការស្រោចស្រង់កិច្ចព្រមព្រៀងនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដោយធ្វើការជំរុញប្រទេសចិន និងប្រទេសនៅតំបន់អាស៊ីដទៃៗទៀតឲ្យចូលជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នៅក្រោយពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរក្សាពាក្យសន្យារបស់លោកក្នុងការបោះបង់ចោលកិច្ចព្រមព្រៀង TPP។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull បានឲ្យដឹងថា លោកបានបើកកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe, នាយករដ្ឋមន្រ្តីនូវែលសេឡង់លោក Bill English, និងនាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Long នៅវេលាយប់ថ្ងៃអង្គារម្សិលមិញនេះ អំពីលទ្ធភាពនៃការបន្តកិច្ចព្រមព្រៀង TPP ដោយគ្មានវត្តមានរបស់សហរដ្ឋអាមេរិក។
លោក Turnbull បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកពីកិច្ចព្រមព្រៀង TPP គឺជាការខាតបង់ដ៏ធំមួយ ដោយពុំមានអ្វីជាមន្ទិលសង្ស័យឡើយ ប៉ុន្តែក៏មិនមែនមានន័យថាពួកយើងគួរតែដើរចេញនោះដែរ ជាក់ស្តែងវាគឺជារឿងដ៏ល្អបំផុតមួយក្នុងការចូលរួមកិច្ចព្រមព្រៀងនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក»។
ដោយឡែកនៅទីក្រុងប៉េកាំងវិញ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying មិនបាននិយាយចំៗថា តើប្រទេសចិនមានចំណាប់អារម្មណ៍ ក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀង TPP ដែរឬយ៉ាងណានោះឡើយ ប៉ុន្តែលោកស្រីបានគូសបញ្ជាក់ថា «នៅក្នុងស្ថានភាពបច្ចុប្បន្នប្រជាជាតិនៅតំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែចូលរួមចំណែករៀងៗខ្លួន ទៅក្នុងកំណើនសេដ្ឋកិច្ចជាមួយការបើកចំហយ៉ាងទូលាយ»។
គួរបញ្ជាក់ថាកិច្ចព្រមព្រៀង TPP គឺជាសសរទ្រូងមួយនៃគោលនយោបាយរបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដើម្បីចូលមកពាក់ព័ន្ធនៅអាស៊ី ប៉ុន្តែប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ បានបំពេញពាក្យសន្យារបស់លោក ដោយបានចុះហត្ថលេខាបង្គាប់ឲ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP ដែលបានអនុវត្តន៍តាំងពីឆ្នាំ២០១៥ និងដាក់គម្លាតប្រទេសមហាអំណាចពិភពលោកមួយនេះ ពីសម្ព័ន្ធមិត្តនៅអាស៊ីរបស់ខ្លួនថែមទៀតផង៕