(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារ (ម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន) បានបោះឆ្នោតអនុម័តស្ទើរតែជាឯកច្ឆន្ទទៅហើយ ដើម្បីទទួលស្គាល់អភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley ជាអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
លោកស្រី Nikki Haley ត្រូវបានព្រឹទ្ធសមាជិកបោះឆ្នោតក្នុងសំឡេងគាំទ្រ៩៦សំឡេង លើ០៤សំឡេង។ លោកស្រី Nikki បានធ្វើឱ្យសមាជិកព្រឹទ្ធសភាភាគច្រើន មានការចាប់អារម្មណ៍ជាខ្លាំង នៅក្នុងអំឡុងពេលសវនាការមួយក្នុងខែមករានេះ ជាពិសេសនៅពេលដែលស្ត្រីវ័យ៤៥ឆ្នាំរូបនេះបានសន្យាថា នឹងដាក់សម្ពាធលើអង្គការសហប្រជាជាតិឱ្យធ្វើកំណែទម្រង់ ព្រមទាំងតស៊ូប្រយុទ្ធផងដែរដើម្បីសិទ្ធិមនុស្ស និងការគាំទ្រដល់ស្ថាប័នអន្តរជាតិទាំងឡាយ។
ជាមួយគ្នានោះដែរប្រធានគណកម្មាធិការព្រឹទ្ធសភា ទទួលបន្ទុកកិច្ចការបរទេស លោក Bob Corker បាននិយាយថា លោកស្រី Nikki គឺជាមនុស្សម្នាក់មានសមត្ថភាពក្នុងការធ្វើទំនាក់ទំនង និងអាចលើកកម្ពស់តម្លៃរបស់សហរដ្ឋអាមេរិកនៅទូទំាងពិភពលោក។
គួរបញ្ជាក់ថាព្រឹទ្ធសមាជិកដែលបានជំទាស់នឹងការតែងតាំង លោកស្រី Nikki Haley សុទ្ធតែជាព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យមានដូចជាលោក Tom Udall, លោក Chris Coons, លោក Martin Heinrich និងលោក Bernie Sanders៕