(អាមេរិក)៖ «ដំណាក់កាលនេះ មិនមែនជាពេលដែលគ្រាន់តែនិយាយតទៅទៀតនោះទេ តែជាពេលដែលត្រូវធ្វើឱ្យចេញជាសកម្មភាព និងលទ្ធផលតាមការ សន្យាវិញម្តង»។ ការសន្យា និងសេចក្តីប្រកាសរបស់ប្រធានាធិបតីប្រកបដោយថ្វីមាត់ លោក ដូណាល់ ត្រាំ ក្នុងថ្ងៃឡើងកាន់អំណាច បច្ចុប្បន្នកំពុងក្លាយ ទៅជារង្វាស់មួយសម្រាប់វាយតម្លៃសមត្ថភាពរបស់លោកផ្ទាល់វិញម្តងថា តើលោកមានសមត្ថភាពកម្រិតណាក្នុងការធ្វើកំណែទម្រង់ នយោបាយរបស់អាមេរិក និងស្ថានភាពពិភពលោក។
កម្មវិធីឡើងកាន់ដំណែង ជាថ្ងៃដំបូងរបស់សេតវិមាន ដែលបានបើកទ្វាសម្រាប់ដំណាក់កាលថ្មីក្នុងអាណត្តិលោក ត្រាំ ក្នុងនាមជាអ្នកនយោបាយម្នាក់។ នេះជាដំណាក់កាលនៃការចាប់ផ្តើមពិសោធន៍ ទៅលើពាក្យសន្យារបស់លោក ដោយប្រៀបធៀបជាមួយនឹងសកម្មភាពជាក់ស្តែង។ ប៉ុន្តែដើម្បីជោគជ័យតាមការសន្យា តើលោកត្រាំ គួរចាប់ផ្តើមពីចំណុចណា?
ជាដំបូងលោកត្រូវ ប្រញាប់ប្រើប្រាស់ដំណែងក្នុងនាមជាប្រធានាធិបតី ដើម្បីរៀបចំគណៈរដ្ឋមន្ត្រី រដ្ឋាភិបាល និងបក្សនយោបាយរបស់លោក ស្របពេលដែល លោកកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើន ដែលអាចចាត់ទុកថា ជាកិច្ចការដ៏លំបាកបំផុតលើលោក។
ប្រធានាធិបតីថ្មីរូបនេះ ចាប់ផ្តើមជាមួយនឹងកិច្ចការដ៏មមាញឹកពេញមួយសប្តាហ៍ដំបូងតែម្តង។ ជាក់ស្តែងនៅថ្ងៃចន្ទ លោកមានកិច្ចជំនួបឯកជនជាមួយ អ្នកនាំពាក្យម្នាក់ គឺលោក Paul Ryan បន្ទាប់មកនឹងមានកម្មវិធីបដិសណ្ឋារកិច្ចជាមួយមេដឹកនាំសភា កិច្ចប្រជុំជាមួយមេដឹកនាំពាណិជ្ចកម្ម និងមេដឹកនាំសហព័ន្ធ និងការចុះហត្ថលេខាលើបទបញ្ជាដែលត្រូវប្រតិបត្តិការបន្ថែមទៀត។
ប្រធានាធិបតីទើបឡើងកាន់ដំណែងរូបនេះ បានទទួលស្គាល់ថា វាជាសប្តាហ៍ដ៏មមាញឹកមួយ តាមរយៈការបង្ហោះសារលើប្រព័ន្ធទំនាក់ទំនង Twitter នៅព្រឹកថ្ងៃចន្ទនេះថា «សប្តាហ៍ដ៏មមាញឹកនេះ គ្រោងនឹងប្រព្រឹត្តទៅដោយផ្តោតយ៉ាងសំខាន់ទៅលើការងារ និងសន្តិសុខជាតិ។ កិច្ចការដ៏ចាំបាច់នឹងប្រព្រឹត្ត ទៅវេលាម៉ោង៩ព្រឹក ដើម្បីពិភាក្សាពីវិស័យឧស្សាហកម្មអាមេរិក»។
កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ លោកបានចំណាយពេលរិះគន់សារព័ត៌មាន ដែលបានផ្សព្វផ្សាយពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់កន្លែងរំលឹក វិញ្ញាណក្ខ័ន្ធអតីតភ្នាក់ងារ CIA ដោយអ្នកសារព័ត៌មានទាំងនោះ បានសរសេរអត្ថបទមួយចង់បង្ហាញខ្លឹមសារថា ការពិតទៅវត្តមានហ្វូងមនុស្សច្រើន សន្ធឹកសន្ធាប់ក្នុងថ្ងៃលោកកាន់អំណាច មិនប្រាកដថា ពួកគេសុទ្ធតែពេញចិត្តនឹងលោកនោះទេ។ ហើយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ សារព័ត៌មានក៏បានសរសេរផងដែរ អំពីបាតុកម្មប្រឆាំងការឡើងកាន់អំណាចរបស់លោក។
លោក ដូណាល់ ត្រាំ បានប្រាប់ភ្នាក់ងារ CIA ក្នុងអំឡុងនៃទស្សនកិច្ចនៅការិយាល័យនៅរដ្ឋ Virginia កាលពីថ្ងៃសៅរ៍នោះថា «ក្នុងពេលស្ថិតនៅ វ័យក្មេងនៅឡើយ យើងតែងតែយកជ័យជម្នះលើកិច្ចការផ្សេងៗ។ ហេតុនេះយើងក៏នឹងយកជ័យជម្នះទៅលើវិស័យពាណិជ្ជកម្ម យើងនឹងយកឈ្នះ ទៅលើសង្គ្រាម»។
ប៉ុន្តែទស្សនវិស័យរបស់លោក ត្រាំ ក្នុងគោលនយោបាយការបរទេសអាមេរិក នៅតែស្ថិតនៅក្នុងស្ថិតក្នុងតំណាក់កាលធ្វើតេសន៍សាកល្បងនៅឡើយ។ នៅថ្ងៃសុក្រខាងមុខនេះ លោកនឹងបង្ហាញការស្វាគមន៍ចំពោះភ្ញៀវបរទេសទីមួយ គឺនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May។
ក្នុងពេលឆាប់ៗខាងមុខប្រធានាធិបតីរូបនេះ នឹងធ្វើកិច្ចជំនួបជាមួយមេដឹកនាំប្រទេស កាណាដា និងម៉ិចស៊ិក ដើម្បីចាប់ផ្តើមកិច្ចចរចាទៅលើ កិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីអាមេរិកខាងជើង។ «ខ្ញុំគិតថា ក្នុងសប្តាហ៍នេះ យើងនឹងធ្វើកិច្ចពិភាក្សាអំពីវិស័យពាណិជ្ចកម្ម គឺធ្វើកិច្ចពិភាក្សាពីរឿងនេះ នៅថ្ងៃស្អែកតែម្តង» នេះជាសំដីរបស់ប្រធានបុគ្គលិកប្រចាំសេតវិមាន លោក Reince Priebus តាមរយៈសារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
លោកបានបន្ថែមថា «ខ្ញុំគិតថា យើងនឹងពិភាក្សាអំពីជនអន្តោប្រវេសន៍នៅសប្តាហ៍នេះ ហើយយើងនឹងមានពេលក្នុងការជជែកពិភាក្សាអំពីបញ្ហាសន្តិសុខជាតិ ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិ លោកឧត្តមសេនីយ៍ Mattis»។
ក្នុងនាមជាប្រធានាធិបតីម្នាក់ ចាំបាច់ត្រូវធ្វើឱ្យចេញជាសកម្មភាព និងលទ្ធផលផ្សេងៗ ជាជាងគ្រាន់តែនិយាយក្នុងថ្ងៃឡើងកាន់ដំណែង។ ស្ថានភាពនេះ ត្រូវប្រឈមមុខនឹងឧបសគ្គដ៏មហិមា។ លោក ត្រាំ បានសន្យាក្នុងការស្តារវិស័យឧស្សាហកម្មអាមេរិកឡើងវិញ ដែលនេះជាគោលដៅទាមទារឱ្យ លោកត្រូវផ្លាស់ប្តូរសកលភាវូបនីយ៍កម្ម។
លោកបានប្តេជ្ញាក្នុងការលុបបំបាត់ភេរវករអ៊ីស្លាមពីផែនដី។ បើទោះបីជាវាហាក់ដូចជាគោលដៅមួយ ដែលមិនអាចទៅរួចក្តី យ៉ាងហោចណាស់លោកបានបង្ហាញគោលនយោបាយមួយ ដែលគ្មានប្រទេសលោកខាងកើតណាមួយ អាចសម្រេចបានក្នុងរយៈពីរទសវត្សរ៍កន្លងទៅនេះ។
វាជាកាតព្វកិច្ចដ៏សំខាន់ក្នុងការឆ្លើយតបទៅវិញ តាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រ ព្រមទាំងបញ្ជូនលោកទៅកាន់សេតវិមាន។ កាតព្វកិច្ចទាំងនេះអាចសម្រេចបានតាមរយៈការដំណើរឱ្យបានឆាប់រហ័ស និងចាប់ផ្តើមរដ្ឋាភិបាល និងបំពេញកិច្ចការប្រកបដោយភាពផ្លែផ្កា ដើម្បីផ្តល់ក្តីសង្ឃឹម និងភាពជោគជ័យសម្រាប់អាមេរិកក្នុងពេលអនាគត៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា